រាជរដ្ឋាភិបាលចំណាយថវិកាជាតិជាង ១៣០០លានដុល្លារ ដើម្បីរ៉ាប់រងលើជំនួយសង្គម និងពលរដ្ឋប្រមាណ ៨០ម៉ឺនគ្រួសារ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាតិប្រមាណ ១,៣៣១លានដុល្លារអាមេរិក ដើម្បីរ៉ាប់រងលើជំនួយសង្គម ចាប់តាំងជំងឺកូវីដ១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក ខណៈពលរដ្ឋប្រមាណ ៨០ម៉ឺននាក់ ក្នុងឆ្នាំ២០២៣កន្លងមក បានទទួលបណ្ណសមធម៌(បណ្ណក្រីក្រ) ។

ការបញ្ចេញឱ្យដឹងពីសំណាក់មន្រ្តីកម្ពុជានេះធ្វើឡើងបន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះបានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី “ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌”ដោយមានវាគ្មិនតំណាងមកពីក្រសួង ស្ថាប័នពាក់ពន្ធ័ចំនួន ៣ មកបកស្រាយ និងពន្យល់អ្វីដែលទាក់ទងនឹងជំនួយសង្គម ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការបានថ្លែងថា៖ការកំណត់ផ្តល់បណ្ណសមធម៌បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០២០គឺធ្វើឡើងស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងការផ្តល់បណ្ណសមធម៌ក្រីក្រចែកចេញជា ២បែបគឺពលរដ្ឋក្រលំបាកខ្លាំង និងក្រមធ្យម ។ សម្រាប់អ្នកកំណត់ថាពលរដ្ឋដែលក្រីក្រនេះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម មណ្ឌិត ចនណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានឱ្យដឹងថា៖ សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ នឹងអាចទទួលបានអត្ថប្រយោជន៍ ដូចជាសាច់ប្រាក់ អត្ថប្រយោជន៍ផ្នែកថែទាំសុខភាព ។

ឯកឧត្តមបានប្រាប់ផងថានៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ២២លានដុល្លារសអាមេរិក សម្រាប់កម្មវិធីជាតិជំនួយសង្គម និងកញ្ចប់គ្រួសារនេះ ។

ដោយឡែក លោក ពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា៖ក្នុងខែមេសាខាងនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ពិសេសក្រុមគោលដៅ ដែលជាគ្រួសារងាយរងគ្រោះមានបណ្ណសមធម៌ ប៉ុន្តែការផ្សព្វផ្សាយកម្មវិធីដ៏មានសារប្រយោជន៍នេះ ដល់ប្រជាពលរដ្ឋ ហាក់ដូចជាមិនទាន់បានទូលាយ នៅឡើយ។

លោកថា “ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងនូវមតិរិះគន់ផងដែរ ចំពោះអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គម។ តាមរយៈនេះ កអក រៀបចំសន្និសីទសារព័ត៌មាននេះ ដើម្បីជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលាយដល់សាធារណជន ជាពិសេសក្រុមគោលដៅ ដែលជាគ្រូសារងាយរងគ្រោះមានបណ្ណសមធម៌ បានយល់ជ្រាបកាន់តែច្បាស់ថែម ទៀតអំពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner