កែច្នៃព្រលានយន្តហោះសៀមរាប ចាស់ទៅជាកន្លែងកម្សាន្តថ្មី
ភ្នំពេញ៖ រយៈពេល៦ខែក្រោយបិទទ្វារទុកចោល អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវបានកែច្នៃឲ្យទៅជាកន្លែងកម្សាន្ត ដែលរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា ក្រុមហ៊ុន Angkor International Airport Investment កំពុងសិក្សាអភិវឌ្ឍន៍គម្រោងសួនកម្សាន្តនេះ។
ឯកឧត្តមបន្តដូច្នេះថា « ព្រលានចាស់នៅសៀមរាប ក្រុមហ៊ុនចិនកំពុងសិក្សាពីលទ្ធភាពថាតើអាចប្រើប្រាស់ជាអ្វីសមស្រប ដែលមានការពិគ្រោះយោបល់ពីស្ថាបនពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរអប្សរា គាត់មានគំនិតហើយ ប៉ុន្តែគាត់(ក្រុមហ៊ុន)ពិគ្រោះសិន គាត់នឹងយកទៅធ្វើកន្លែងកម្សាន្តផ្សេងៗដែលមានភាពទាក់ទាញ អាចឱ្យគាត់ធ្វើបាននៅតំបន់ម្តុំហ្នឹង»។
ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនទាន់អាចលម្អិតបាននៅឡើយពីទម្រង់នៃសួនកម្សាន្តនេះ និងថាតើវាអាចទាក់ទាញអ្នកទេសចរបានរបៀបណា។ ទូរទស្សន៍អប្សរា មិនទាន់អាចសុំព័ត៌មានបន្ថែមពី ក្រុមហ៊ុនចិន ដែលទទួលសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបចាស់នេះបាននៅឡើយនៅថ្ងៃពុធនេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លើកឡើងថា ព្រលានយន្តហោះសៀមរាបចាស់គួរតែត្រូវបានអភិវឌ្ឍទៅជាអ្វីដែលខេត្តសៀមរាបមិនទាន់មាន ដូចជា មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាដើម ព្រោះខេត្តនៅជាប់ដងទន្លេសាបនេះមិនទាន់មាន មជ្ឈមណ្ឌលបែបនេះនៅឡើយ ។ លោកបន្តបែបនេះថា«ព្រលានសៀមរាបគួរតែក្លាយជាមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំតំបន់ទន្លេសាបរបស់ខ្លួន…ខ្ញុំតែងនិយាយថា ខេត្តសៀមរាបយើងមិនអាចពឹងតែលើទេសចរណ៍មួយមុខទេ យើងត្រូវតែពឹងលើពាណិជ្ជកម្មដទៃៗទៀត អ៊ីចឹងដើម្បីឱ្យវិស័យដទៃទៀតជួយជ្រោងដល់វិស័យទេសចរណ៍បានទាល់តែមានមជ្ឈមណ្ឌលពិព័រណ៍ដែលយើងអាចអូសទាញព្រឹត្តិការណ៍ធំៗនៅជុំវិញពិភពលោកមក»។
យោងតាមឯកសារស្រាវជ្រាវ ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់បើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អ ក្នុងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាបបានបិទទ្វារដោយសារសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។ ព្រលាននេះ អាចទទួលយន្តហោះឲ្យ ចុះចត បានរហូត ដល់ ប្រភេទ Boeing 737 និង Airbus A320 ជាដើម ។
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្ត ព្រលាន យន្តហោះ សៀមរាប ចាស់ តែងតែ ទទួល បាន ការ កោត សរសើរ ពី ភ្ញៀវ ទេសចរ នៅ ទូទាំង ពិភពលោក ថា « ជា ព្រលាន យន្តហោះ តូច ច្រឡឹង ស្រស់ ស្អាត នៅ ក្នុង តំបន់ » ដោយសារ រចនាបថ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ទូទៅ ។ ប៉ុន្តែ កន្លងមកក៏មានការបារម្ភពីការចុះចតរបស់យន្តដែលអាចប៉ះពាល់ដល់គ្រឹះប្រាសាទ។ ព្រលាននេះត្រូវបិទទ្វារទុកចោលតាំងពីខែតុលាមក បន្ទាប់ពីសៀមរាបមានអាកាសយាន្តដ្ឋានថ្មី ដែលស្ថិតនៅចំងាយប្រមាណ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប៕
ដោយៈទួន សុផល