កូនខ្មែរប្រើបច្ចេកវិទ្យាទំនើប ដកជាតិពុលពីទឹកកខ្វក់ មុនបង្ហូរចូលសមុទ្រ
ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់បានប្រើបច្ចេកវិទ្យាទំនើបដើម្បីបន្សុទ្ធ និងដកជាតិពុលចេញពីទឹកកខ្វក់ ជាង ៣ម៉ឺន ម៉ែត្រគូបជារៀងរាល់ថ្ងៃមុនបង្ហូរទឹកនោះចូលទៅក្នុងផ្ទៃសមុទ្រនាខេត្តព្រះសីហនុ។ បច្ចេកវិទ្យានវានុវត្តន៍បែបជីវសាស្រ្តហៅកាត់ជាភាសាអង់គ្លេសថា MABR ត្រូវបានបំពាក់នៅក្នុងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ នៅក្រុងព្រះសីហនុ ដែលមានតម្លៃសរុបប្រមាណ៣០លានដុល្លារ។
បច្ចេកវិទ្យានេះ គ្មានក្លិនស្អុយភាយចេញក្រៅបង្កផលប៉ះពាល់ និងគ្មានសំឡេងរំខាន ហើយបំបែកសារធាតុពុលត្រឹមរយៈពេលខ្លី និងសន្សំសំចៃថាមពលអគ្គិសនី។
លោក លី រិទ្ធ អគ្គនាយកក្រុមហ៊ុន XWATER TECHNOLOGY ដែលនៅពីក្រោយការច្នៃប្រឌិតនេះ បានប្រាប់ទូរទស្សន៍អប្សរាថា កន្លងមកការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវបានគ្រប់គ្រងដោយជនបរទេស និងមានតម្លៃថ្លៃ។ លោកបានផ្តួចផ្តើមផ្គុំឧបករណ៍ស្តង់ដាអឺរ៉ុប អាមេរិក និងជប៉ុន និងចាប់ផ្តើមគ្រប់គ្រងប្រព័ន្ធបន្សុទ្ធដោយខ្លួនឯងរហូតទទួលបានសិទ្ធិគ្រប់គ្រងប្រព័ន្ធនេះនៅស្ថានីយដកជាតិពុលពីទឹកកខ្វក់ទាំង៣របស់ខេត្តព្រះសីហនុ។
ទឹកកខ្វក់ជាង៣ម៉ឺនម៉ែត្រគូបដែលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បន្សុទ្ធជារៀងរាល់ថ្ងៃមានប្រភពចេញពីលំនៅឋាន ភោជនីយដ្ឋាន និងអគារពាណិជ្ជកម្មផ្សេងៗនៅទូទាំងខេត្តព្រះសីហនុ។ ក្រៅពីស្ថានីយដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនេះ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មមួយទៀតដែលដើរដោយឧកស៊ីសែន និងកំដៅថ្ងៃ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងនៅក្នុងពិធីសម្ពោធស្ថា នីយ ប្រព្រឹត្តកម្ម ទឹក កខ្វក់នាពេលថ្មីៗនេះថា ស្ថា នីយ ប្រព្រឹត្ត កម្ម ទាំងអស់នេះ បាន និង កំពុង ឆ្លើយ តប ទៅ នឹង បញ្ហា ប្រឈម របស់ ខេត្ត ក្នុង ការ បញ្ចេញ កាកសំ ណល់ ប្រើ ប្រាស់ ដែល មាន ចំនួន ច្រើន និង មាន សារ ធាតុ ពុល អាច បង្ក ផល ប៉ះពាល់ ដល់ បរិស្ថា ន ជុំវិញ ដូចជា មនុស្ស សត្វ រុក្ខ ជាតិ ជីវ ចម្រុះ និង ឆ្នេរ សមុទ្រ ជាដើម ។ ឯកឧត្តម ទទួល ស្គាល់ ថា នេះជា បច្ចេក វិទ្យា មាន ស្ថិរភាព និងប្រសិទ្ធ ភាព ខ្ពស់ ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបន្ថែមថា ស្ថានីយប្រព្រឹត្តកម្មទឹកដែលប្រើបច្ចេកវិទ្យាទំនើបនេះនឹងអាចចូលរួមចំណែកជួយដល់ការអភិវឌ្ឍក្រុងព្រះសីហនុប្រកបដោយចីរភាព និងគោរពទៅតាមបទដ្ឋានបរិស្ថានល្អ។ លោក លី រិទ្ធ សង្ឃឹមថា លោកអាចពង្រីកការប្រើប្រាស់បច្ចេកវិទ្យាបន្សុទ្ធទឹកកខ្វក់នេះទៅបណ្តាខេត្តក្រុងផ្សេងៗនៅទូទាំងប្រទេស៕
ដោយ:ទួន សុផល