សាលា ២ ០០០កន្លែងថ្មីទៀតនឹងផ្តល់អាហារពេលព្រឹក និងថ្ងៃដល់សិស្សតូចៗ
ភ្នំពេញ៖ ចាប់ពីឆ្នាំ ២០២៤នេះតទៅ ក្រសួងអប់រំយុវជន និងកីឡា នឹងចាប់ផ្តើមពង្រីកការផ្តល់អាហារពេលព្រឹក និងថ្ងៃ ទៅដល់សិស្សមតេ្តយ្យនិងបឋម នៅតាមសាលារៀនចំនួន ២ ០០០ កន្លែងបន្ថែមទៀតនៅទូទាំងប្រទេស។ នៅពេលនេះ មានជាង១ ០០០ សាលាហើយដែលកំពុងផ្តល់អាហារដល់សិស្សជាង៣សែននាក់ដោយឥតគិតថ្លៃ។
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និង កីឡា បានថ្លែងថា ការពង្រីកកម្មវិធីផ្តល់អាហារនេះនឹងផ្តោតលើកុមារក្នុងតំបន់ដែលមានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់។
«កម្មវិធីផ្តល់ អាហារ តាម សាលារៀន គឺ ការ ជួយ ដល់ គ្រួសារ ក្រីក្រ អ្នក ខ្លះ គឺ អត់យល់ទេ គាត់ ស្មាន តែ បង្រៀន ឲ្យ តែ គ្រូ ល្អ សិស្ស ម៉េច ក៏ អាច ទៅរួចដែរ តាម ពិត បទ ពិសោធន៍ ជាក់ស្តែង បើ សិស្ស អត់ លូត លាស់ រាង កាយអត់ បាន ល្អ ខួរ ក្បាល សតិ អត់ បាន ល្អ ចឹងរៀន ក៏ អត់ចេះ»។
គំនិតផ្តួចផ្តើមផ្តល់អាហារនៅតាមសាលារៀននេះ ផ្តើមដំបូងពី ឆ្នាំ ២០១៩មក និងបន្តពង្រីកដល់ ១១១៤ សាលានៅខេត្តគោលដៅចំនួន៩ ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ និងខេត្តស្ទឹងត្រែង។ គាំទ្រ ហិរញ្ញវត្ថុដោយ រដ្ឋាភិបាល កម្ពុជា និង កម្មវិធី ស្បៀងអាហារ ពិភពលោក អាហារដែលផ្គត់ផ្គង់ឲ្យសិស្សត្រូវបានចំអិនដោយមានអនាម័យ គិតគូរច្បាស់លាស់ពីជីវជាតិទ្រទ្រង់រាងកាយ និងប្រើ កសិផលពីក្នុង សហគមន៍។ ក្រៅតែពីការផ្តល់អាហារ២ពេលក្នុងមួយថ្ងៃ កម្មវិធីនេះក៏បានសាងសង់ផ្ទះបាយ កន្លែងញ៉ាំអាហារ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ផងដែរ។
លោក ជៀន វណ្ណី នាយករង បឋមសិក្សាស្មែត ស្ថិត នៅក្នុង ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង បាន ប្រាប់ទូរទស្សន៍ អប្សរាថា មួយរយៈក្រោយពីចាប់ផ្តើមផ្តល់អាហារដល់សិស្ស ឥរិយាបថរបស់សិស្ស មានការ ផ្លាស់ ប្តូរ។ លោកថា ពួកគេ មក រៀនទៀងទាត់ រហ័សរហួន ហើយ ទទួល បាន លទ្ធផល សិក្សាល្អ។ លោក ចង់ឃើញ សាលា ទូទាំងប្រទេសទទួល បាន នូវ កម្មវិធីនេះដែល ជា ផ្នែកមួយ កាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។
« បញ្ហាឥឡូវសិស្ស ភាគច្រើន ឥទ្ឋិពលនៃអាហារ ប៉ះ ពាល់ ដល់ សុខភាព អត់ មាន ប្រភព ច្បាស់ លាស់ គឺ បាន វាយ ប្រហារ ជា ខ្លាំង ធ្វើ ឲ្យ កុមារ ឈឺថ្កាត់ ជា ច្រើន សិស្សញាំ ភេសជ្ជៈកំប៉ុងច្រើន ហើយ ភាគច្រើន អត់ សូវ ហូប បាយ ព្រឹកទេ ចឹង បើ យើង មាន អាហារ ពេល ព្រឹក តាម សាលា ជា អាហារ ដែល ល្អ ពោរពេញ ដោយ អាហារូបបត្ថម្ភគឺ ល្អ មែនទែនសម្រាប់ សិស្ស»។
ភាពស្រេកឃ្លានដោយសារជីវភាពខ្វះខាតក្នុងការចំណោមគ្រួសារខ្មែរមួយចំនួន បានក្លាយជាឧបសគ្គក្នុងការទទួលការអប់រំ ជាពិសេសនៅតាមតំបន់ជនបទ។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំ ក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិមាន ១៦,៦% និងអត្រាបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិវិញមាន ១៨,៥%។
ស្របពេលសង្គមស៊ីវិលសាទរចំពោះកម្មវិធីនេះ លោក វន សំភាស់ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការអេដ អេ អាកស្យុង បានលើកឡើងថា អ្វីដែលត្រូវធ្វើបន្ថែមគឺការបណ្តុះបណ្តាលគ្រូ និងពង្រឹងការរៀនសូត្ររបស់សិស្ស៕
ដោយៈសែន ដាវិត