ចូលឆ្នាំ! ឡានក្រុងជាង ៤៥០គ្រឿងដឹកអ្នកដំណើរអត់យកលុយ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ ប្រជាជនអាចធ្វើដំណើរតាមរថយន្តក្រុងទៅស្រុកកំណើត ដោយមិនអស់ប្រាក់។ ឡានក្រុង ៤៥កៅអីចំនួន ៤៥៥គ្រឿង បានត្រៀមដឹកជញ្ជូនអ្នកដំណើរ ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តក្រុងនានា និងត្រលប់មករាជធានីភ្នំពេញវិញ។
រដ្ឋបាល រាជធានី ភ្នំពេញដែលជាអ្នករៀបចំការដឹកជញ្ជូននេះ បានឲ្យដឹងនៅថ្ងៃពុធនេះថា បេសសកម្មនេះនឹងជួយប្រជាពលរដ្ឋកាត់ចំណាយលើថ្លៃធ្វើដំណើរទៅកាន់ស្រុកភូមិក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ការដឹកជញ្ជូនឥតគិតថ្លែបែបនេះមានជារៀងរាល់ឆ្នាំ ជាពិសេសសម្រាប់បុណ្យជាតិធំៗ។សង្គមស៊ីវិលលើកឡើងថា នេះជា មធ្យោបាយ ដ៏ ល្អ ក្នុងការបញ្ចៀស ការ ដំឡើង ថ្លៃធ្វើដំណើរពី សំណាក់ ម្ចាស់ រថយន្ត ឈ្នួល ។
កាលពីឆ្នាំ ២០២៣ មានប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ ប្រមាណជិត៥ម៉ឺននាក់ ទៅលេងស្រុកកំណើត ក្នុងនោះ ខ្សែរត់តាមផ្លូវជាតិលេខ៦Aច្រើនជាងគេ គឺមានអ្នកជិះរហូតដល់ជិត២ ម៉ឺននាក់។ នេះមានការរំពឹងទុកថា នឹងមានចំនួនអ្នកដំណើរប្រហាក់ប្រហែលគ្នានេះនៅឆ្នាំ២០២៤នេះ៕
ដោយៈទួន សុផល