ក្រចេះ ស្ទឹងត្រែង មានទីលានដាក់សំរាមថ្មី តម្លៃជិត ១០លានដុល្លារ
ភ្នំពេញ៖ ខេត្តនៅភូមិភាគឦសាន្តចំនួនពីរគឺ ក្រចេះ និងខេត្តស្ទឹងត្រែង នៅពេលនេះមានទីលានទុកដាក់សំរាម ថ្មីចំនួន២ ដែល ចំណាយ ទឹក ប្រាក់ សាង សង់ជិត ១០លានដុល្លារ អាមេរិក។ ទីលាននោះមានអាយុ ប្រតិបត្តិការរយៈពេល២០ឆ្នាំ និងស្របតាមបទដ្ឋាន បច្ចេកទេស។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួង សាធារណការ និង ដឹកជញ្ជូនបាន ប្រាប់ ទូរទស្សន៍ថា ទីលានដាក់សំរាម ទី១នៅ ខេត្តក្រចេះត្រូវបានសាងសង់លើផ្ទៃដីប្រាំមួយហិកតា ស្ថិតនៅ ស្រុកចិត្របុរីនិងអាចផ្ទុកសំរាមបានប្រមាណជិត២០ម៉ឺនម៉ែត្រគូប។ ចំណែកទីលាននៅខេត្តស្ទឹងត្រែងវិញ អាចផ្ទុកសំរាម បាន ១៧ម៉ឺនម៉ែត្រគូប និងស្ថិតនៅលើផ្ទៃដី ៧ហិកតា នៅស្រុកថាឡាបរិវ៉ាត់។ នេះជាផ្នែកមួយនៃ ជាគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង មហាអនុតំបន់មេគង្គ ដែល ជា កម្ចី ឥណទាន ធ នាគារ អភិវឌ្ឍន៍ អាស៊ី (ADB)។
លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បាន ប្រាប់ទូរទស្សន៍ អប្សរា ថា ខេត្ត ស្ទឹងត្រែង មានសំរាម មជាង មួយពាន់ តោន ក្នុង មួយ ថ្ងៃ និងត្រូវ បាន ប្រមូល យក ទៅ ចាក់ នៅទីលានចាក់សំរាម ចាស់មួយដែល ពេញទៅសំរាមហូរហៀរ បង្ក ឲ្យ មាន ផល ប៉ះពាល់ ដល់សុខភាព ប្រជា ពលរដ្ឋ ក្បែរនោះ។ លោកថា ទីលានថ្មីនេះនឹងរួមចំណែក ថែរក្សាបរិស្ថាន។
ក្រៅពីខេត្តទាំងពីរខាងលើ ទីលានទុកដាក់សំរាមតម្លៃ ថ្លៃៗ បែបនេះមាននៅបណ្តាខេត្តផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេស។ ប៉ុន្តែ ការគ្រប់គ្រងសំរាមនៅកម្ពុជា នៅមិនទាន់ បានល្អនៅឡើយ ខណៈដែលសំរាមនៅទូទាំងប្រទេសបាន កើនឡើងជាបន្តបន្ទាប់ដោយពេលមួយថ្ងៃសំរាមមានជាងមួយម៉ឺនតោន និងមួយឆ្នាំមានជាង បួនលានតោន៕
ដោយ៖សែន ដាវិត