ការប្រកួតវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ អ្នកមានសមត្ថភាពមានឱកាសច្រើនក្លាយជាយុវជនថ្នាលត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដែលរៀបចំឡើង ក្រសួងអប់រំយុវជននិងកីឡាក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា បានដំណើរការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២៤ ដោយមានមន្ទីរអប់រំរាជធានីខេត្តចូលរួមចំនួន ១០ សរុបកីឡាករកីឡាការិនីចំនួន ៨៤នាក់ ។
ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយនៃដំណើរការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើលជើងឯកថ្នាក់ជាតិ ដែលការប្រកួតនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការផលិតនូវធនធានវ័យក្មេងសម្រាប់សហព័ន្ធកីឡាវាយសីយកមកបណ្តុះបណ្តាលក្នុងដំណើរឆ្ពោះទៅត្រៀមព្រឹត្តិការណ៍អន្តរជាតិនានា។
អគ្គលេខាធិការ សហព័ន្ធខាងលើ បានពន្យល់ទៀតថា កីឡាករកីឡាការិនីដែលជ្រើសរើសចេញពីការប្រកួតសិស្សបឋមពីរលើកកន្លងមក ពួកគេគឺបានបណ្តុះបណ្តាលក្លាយជាកីឡាករកីឡាការិនីល្អៗត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានា ដោយផុតអាយុក្នុងការប្រកួតយុវជនអាស៊ីហើយ តែដោយឡែក សម្រាប់សិស្សបឋមឆ្នាំ២០២៤នេះ កីឡាករកីឡាការិនីដែលមានសមត្ថភាពនិងទេពកោសល្យពួកគេមានឱកាសច្រើនក្លាយជាកីឡាករថ្នាលរបស់សហព័ន្ធហ្វឹកហាត់អភិវឌ្ឍសមត្ថភាពត្រៀមចូលរួមកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការរូបនេះ បានបន្ថែមទៀតថា ចាប់តាំងពីកីឡាវាយសីបានដាក់បញ្ចូលទៅក្នុងសាលារៀន សង្កេតឃើញថា ការចូលរួមប្រកួតប្រជែងក្នុងការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ មានមន្ទីរអប់រំយុវនិងកីឡា រាជធានីខេត្តចូលរួមផុសផុលច្រើន។
សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៤ ។ ដោយឡែកសម្រាប់ប្រភេទកីឡាវាយសីនឹងបញ្ចប់ការប្រកួតរបស់ខ្លួននៅថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៤៕
រូបភាព និងអត្ថបទ៖ជាវ ចន្ធូ