ក្រុមហ៊ុន Apple បង្កើតមនុស្សយន្ត ប្រជែង AI
វិស្វកររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងធ្វើការលើការបង្កើតមនុស្សយន្តផ្ទាល់ខ្លួន ប្រជែងលើវិស័យ AI។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែលបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលជាអ្នកដឹងពីស្ថានភាពនេះ បានឲ្យដឹងថា ក្រុមហ៊ុនចង់បង្កើតមនុស្សយន្តដែលដើរតាមមនុស្សនៅជុំវិញផ្ទះ និងមានប្រយោជន៍ ធ្វើការងារផ្សេងៗ។
របាយការណ៍បានបង្ហាញថា គម្រោងនេះស្ថិតក្នុងដំណាក់កាលចាប់ផ្តើម ហើយវាមិនច្បាស់ថា តើវានឹងត្រូវបង្កើត ជាផលិតផលថ្មី លក់នៅលើទីផ្សារបស់ Apple ឬ យ៉ាងណានោះទេ។ Apple មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា មួយនេះបាននឹងកំពុងស្វែងរកវិធីថ្មី ដើម្បីរកប្រាក់ លើសពីការលក់ទូរស័ព្ទ iPhone របស់ខ្លួន ជាមួយនឹងការបង្កើតមាតិកាឌីជីថល និងសេវាកម្មនានា ផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុន Apple បានបោះបង់ចោលនូវមហិច្ឆតារបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ ប្រភពបានបន្តថា ក្រុមហ៊ុន Apple បានផ្ទេរបុគ្គលិកពីផ្នែករថយន្តអគ្គិសនី ទៅបង្កើតជាបញ្ញាសិប្បនិម្មិត។
នៅជុំវិញពិភពលោក ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Google, Microsoft, Meta និង Amazon កំពុងបន្តអភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់ AI នៅក្នុងប្រតិបត្តិការអាជីវកម្ម និងការរស់នៅ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត