ពិភពលោកនៅសល់ឱកាសចុងក្រោយ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺរាតត្បាត
ហ្ស៊ឺណែវ៖ ប្រជាជាតិនានាបានចំណាយពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការការពារជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ប៉ុន្តែនៅឆ្ងាយពីគ្នាលើបញ្ហាសំខាន់ៗ មានដូចជាសមភាពនៃវ៉ាក់សាំង និងការតាមដានប្រភពដើមមេរោគ។
រយៈពេល២ឆ្នាំហើយដែលប្រទេសនានាមិនទាន់អាចសម្រេចបាននូវសេចក្តីព្រាងកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការការពារជំងឺរាតត្បាត ដោយសារតែភាពចម្រូងចម្រាស់លើបញ្ហាសំខាន់ៗមួយចំនួន ដូចជាសមភាពនៃវ៉ាក់សាំង និងការតាមដានប្រភពដើមមេរោគ ជាដើម។
សហប្រធានការចរចាបានប្រាប់សារព័ត៌មាន AFP ថា ប្រទេសទាំងឡាយត្រូវតែសម្រេចចិត្តរួមគ្នាមួយនៅខែមេសានេះ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ ពីព្រោះវាជាឱកាសចុងក្រោយ និងមិនអាចបរាជ័យបានទេ។
ប្រទេសពាក់ព័ន្ធនឹងជួបគ្នានៅទីស្នាក់ការរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាបន្ថែមទៀត ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ ការទាមទារការប្តេជ្ញា និងសកម្មភាពរួមគ្នានេះ កើតឡើងបន្ទាប់ពី ជំងឺ Covid-19 បានបំផ្លាញសេដ្ឋកិច្ច បំផ្លាញសង្គម ផ្តួលរលំប្រព័ន្ធសុខាភិបាល និងបានសម្លាប់មនុស្សរាប់លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា