ហ្គាហ្សាខាត ១៨.៥ពាន់លានដុល្លារ ព្រោះសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) ថ្មីៗនេះ បានបញ្ជាក់ថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបង្កការខូចខាតប្រហែល ១៨.៥ពាន់លានដុល្លារ ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់តំបន់ហ្គាហ្សា។
ធនាគារពិភពលោកបាននិយាយនៅក្នុងការវាយតម្លៃលើការខូចខាតបណ្តោះអាសន្នរបស់ខ្លួន ដែលគ្របដណ្តប់រយៈពេលរវាងការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី០៧ ខែតុលា ដល់ចុងខែមករា ដើមឆ្នាំ២០២៤។ របាយការណ៍របស់ធនាគារពិភពលោក ដែលផលិតរួមគ្នាជាមួយអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប រកឃើញថា ការខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានប៉ះពាល់ដល់គ្រប់វិស័យនៃសេដ្ឋកិច្ច ហើយច្រើនជាង ៧០ភាគរយនៃការខាតបង់ គឺដោយសារការបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាជន។
លើសពីការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធ របាយការណ៍ក៏បានរកឃើញថា ជាងពាក់កណ្តាលនៃចំនួនប្រជាជននៅហ្គាហ្សា កំពុងស្ថិតក្នុងគែមនៃគ្រោះទុរ្ភិក្ស ដោយប្រជាជនទាំងមូលជួបប្រទះនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ។ យោងតាមការប៉ាន់ប្រមាណបានបង្ហាញថា ៨៤ភាគរយនៃមណ្ឌលសុខភាពនៅហ្គាហ្សាត្រូវបានខូចខាត ឬបំផ្លាញ ខណៈដែលបីភាគបួននៃចំនួនប្រជាជនបានបង្ខំចិត្តផ្លាស់ទីលំនៅចេញពីការប្រយុទ្ធគ្នា ដែលបណ្តាលឱ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែងជ្រកកោន។
ស្ទើរតែ ១០០ភាគរយនៃកុមារនៅហ្គាហ្សាបានចាកចេញពីសាលារៀន ព្រោះការដួលរលំនៃប្រព័ន្ធអប់រំ។
របាយការណ៍ខាងលើនេះ បានអំពាវនាវឱ្យមានការកើនឡើងជំនួយមនុស្សធម៌, ជំនួយស្បៀងអាហារ និងការផលិតស្បៀង ការផ្តល់ទីជំរក និងដំណោះស្រាយលំនៅឋានឆាប់រហ័ស និង មានប្រសិទ្ធភាព សម្រាប់ជនភៀសខ្លួន និងការបន្តសេវាកម្មសំខាន់ៗឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា