រញ្ជួយដីនៅតៃវ៉ាន់ ប៉ះពាល់ដល់ឧស្សាហកម្មបន្ទះ Chip
អាន. ការរញ្ជួយដីនៅតៃវ៉ាន់ គឺជាសញ្ញារំឮកយ៉ាងច្បាស់ អំពីហានិភ័យចំពោះឧស្សាហកម្មផលិតបន្ទះ Chip នៅក្នុងតំបន់ ខណៈដែលតៃវ៉ាន់គឺជាប្លុកផលិត ផលិតផលពាក់កណ្តាលសម្រេច ដ៏សំខាន់របស់ពិភពលោក។
ក្រុមហ៊ុនផលិតបន្ទះ Chip ដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះថា Taiwan Semiconductor Manufacturing Company TSMC បានអះអាងថា នៅពេលរញ្ជួយដីក្រុមហ៊ុនបានជម្លៀសបុគ្គលិកចេញជាបណ្តោះអាសន្ន នៅរោងចក្រផលិតមួយចំនួន ប៉ុន្តែ បុគ្គលិកទាំងអស់មានសុវត្ថិភាព ហើយបានត្រឡប់ទៅកន្លែងធ្វើការវិញ។
អគារទីស្នាក់ការរបស់ខ្លួនបានរង្គើបរិក្ខាខ្លះៗ ហើយសម្ភារមួយចំនួនតូចបានខូចខាត ជះឥទ្ធិពលមួយផ្នែក ដល់ប្រតិបត្តិការ ប៉ុន្តែ មិនមានការខូចខាតដល់ឧបករណ៍សំខាន់ៗ ទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីល្ងាចថ្ងៃពុធ។
TSMC ជាអ្នកផលិតឈីប សម្រាប់ Smart Phone, កុំព្យូទ័រ, រថយន្ត ជាដើម។ បន្ទះ Chip របស់ TSMC ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន រួមទាំង Apple ផង ហើយវាមានសារៈសំខាន់ សម្រាប់ឧស្សាហកម្មបញ្ញាសិប្បនិមិត្ត ដែលកំពុងរីកចម្រើន។
អ្នកវិភាគបានប្រាប់ថា ការរញ្ជួយដីនេះ អាចរំខានខ្លះៗ ចំពោះការផ្គត់ផ្គង់ នៅក្នុងតំបន់អាស៊ីបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះ Chip របស់ក្រុមហ៊ុន TSMC និងក្រុមហ៊ុនមួយទៀត ឈ្មោះថា UMC បានបញ្ឈប់ប្រតិបត្តិការមួយចំនួន ដើម្បីត្រួតពិនិត្យគ្រឿងបរិក្ខារ និងផ្លាស់ប្តូរទីតាំងបុគ្គលិក៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត