ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ ទទួលបានភារកិច្ចថ្មីមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ ទទួលបាន នូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ) ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ ទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ) ដែលគណៈកម្មាធិការជាតិនេះ ដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមជាលេខាធិការដ្ឋាននៃគ.វ.រ. ក្រសួងមុខងារសាធារណៈ មានភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈគឺ ទី១ ការកែលម្អប្រព័ន្ធជ្រើសរើស ទី២ ការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងទី៣ ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ផ្តើមចេញពីបេសកកម្ម និងភារកិច្ច ព្រមទាំងមានការគាំទ្រពីរាជរដ្ឋាភិបាល នីតិកាលកន្លងមក និងជាពិសេស រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្តេចធិបតី នៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយទទួលបាននូវការប្រគល់ភារកិច្ចដ៏មានសារៈសំខាន់ និងប្រកបដោយកិត្តិយសខាងលើនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ បានប្តេជ្ញាចិត្ត ខិតខំបំពេញភារកិច្ច ហើយទទួលបានវឌ្ឍនភាពការងារ និង កំណត់ទិសដៅអនុវត្តបន្តរបស់ខ្លួន ៕
អត្ថបទ៖ វណ្ណលុក
វីដេអូ ៖ វ៉េង លីមហួត,