សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលយើងចង់បាន គឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ក្នុងការបំពេញភារកិច្ចជូនជាតិទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលយើងចង់បាន គឺយើងមិនមានទស្សនៈខុសគ្នាទេ គឺចង់បានរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ដែលបត់បែនហើយប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយក៏យើងឯកភាពគ្នាដែរថាយើងត្រូវតែធ្វើ ប៉ុន្តែធ្វើពេលណា។ ការធ្វើកំណែទម្រង់មិនមែនធ្វើពេលនេះ ធ្វើឆ្នាំក្រោយនោះទេ គឺត្រូវធ្វើជាប់ជាប្រចាំ ហើយយើងបានធ្វើជាប់ជាប្រចាំ។ ការចាប់ផ្តើមដំបូងទីថ្ងៃទី២៤ នៃការដាក់ចេញគោលនយោបាយនោះ គឺបានគ្រាន់តែបញ្ជាក់បន្ថែមទៀត ទិសដៅគោលនយោបាយតែមួយវិធីសាស្ត្រត្រូវធ្វើ។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈនៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី បានមានប្រសសន៍បន្តថា អ្វីដែលជាការសម្រួចនៅក្នុងអាណត្តិនេះ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយធ្វើយ៉ាងណានោះ នេះគឺជាអ្វីដែលកំពុងតែរៀបចំដើម្បីដាក់ចេញ ហើយសម្តេចមិនយកទៅរំលេចនៅក្នុងពេលនេះទេ។ ក្រសួងមុខងារសាធារណៈបានដឹងកិច្ចការងារនេះផ្ទាល់ ហើយមិនចាំបាច់ជម្រាបថា ធ្វើយ៉ាងមេចទៅដល់អ្នកដែលកំពុងធ្វើអ្នកជំនាញនោះទេ។ គ្រាន់តែអ្វីដែលយើងត្រូវធ្វើ ធ្វើពេលនេះ ហើយត្រូវធ្វើទាំងអស់គ្នា ទាំងថ្នាក់ជាតិក្រោមជាតិ យើងកំពុងតែធ្វើវិមជ្ឈការ វិសហមជ្ឈការ ហើយការចូលរួមទាំងអស់គ្នាជាកត្តាសំខាន់។
ក្រសួងមុខងារសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈទទួលបាននូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា គ.វ.រ.)ដែលមានសមាសភាពជារដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥។ ក្នុងន័យនេះ លេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈមានតួនាទី និងភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖ ១)ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ២)ការពង្រឹងការគ្រប់គ្រងមន្ត្រី ការលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររបស់មន្ត្រី រួមទាំងពង្រឹងស្ថាប័ន និង៣)ការរៀបចំប្រព័ន្ធលើកទឹកចិត្តសម្រាប់មន្ត្រីឱ្យសមស្របទៅនឹងគោលការណ៍គុណាធិបតេយ្យផ្អែកលើសមិទ្ធកម្ម៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត