សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ សម្តេច បានបញ្ជាក់ថា រយៈពេល ៧ខែមកនេះ សម្ដេចបានមើលឃើញថា មន្រ្តីនៃក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្ម ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ។
សម្តេចធិបតី បានបន្តថា ក្រសួងមុខងារសាធារណៈ ត្រូវបានប្រគល់ភារកិច្ចក្នុងក្របខណ្ឌជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីសម្រេចការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល និតិកាលទី៧ ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងភិបាលកិច្ច តាមបណ្ដាក្រសួង ស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នអាចបំពេញភាកិច្ចរឹងមាំជូនជាតិ និងប្រជាជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការងារលើការធ្វើកំណែទម្រង់ ជាពិសេស ការកែទម្រង់រដ្ឋបាលសាធារណៈនេះ គឺមានទំហំធំណាស់ ដូច្នេះ គឺទាមទារឱ្យមានការឯកភាពគ្នាទាំងចិត្ត និងបេះដូង ៕
អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ