ការដាំរុក្ខជាតិកញ្ឆារីកដូចផ្សិតនៅរដ្ឋកាលីហ្វ័រញ៉ា

កាលីហ្វ័រញ៉ា៖ អាជ្ញាធរបានវាយឆ្មក់ឡោមព័ទ្ធចូលកសិដ្ឋានមួយកន្លែង ដែលស្ថិតនៅចំកណ្តាលវាលខ្សាច់នៃរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលពួកគេរកឃើញរុក្ខជាតិកញ្ឆា ត្រួវបានគេដាំដុះខុសច្បាប់រាប់រយដើមរីកដូចផ្សិត។

គ្រឿងញៀនកញ្ឆាបានក្លាយជារុក្ខជាតិអាចដាំដុះស្របច្បាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ២០១៦ បន្ទាប់ពីការបោះឆ្នោតជាសាធារណៈមួយ ដែលអ្នកគាំទ្រការប្រើប្រាស់កញ្ហានិយាយថា ការអនុម័តនេះ នឹងបិទបញ្ចប់ទីផ្សារងងឹតដ៏ធំ និងឧក្រិដ្ឋកម្ម ក៏ដូចជាភាពរំខានដែលទាក់ទងនឹងការប្រើប្រាស់កញ្ឆា។ មន្រ្តីប៉ូលិសរដ្ឋកាលីហ្វ័រញ៉ានិយាយថា បន្ទាប់ពីឆ្នាំនោះ ការប្រើប្រាស់មានការកើនឡើងយ៉ាងគំហុក នៃការដាំដុះរុក្ខជាតិកញ្ឆាខុសច្បាប់។

ទោះបីជាច្បាប់អនុញ្ញាតក៏ពិតមែន តែអាជ្ញាធរនៅតែអនុវត្តការវាយឆ្មក់បង្រ្កាប ពី ៦ ទៅ ១០ដងរៀងរាល់សប្តាហ៍ ដោយរុះរើផ្ទះកញ្ចក់មួយចំនួន ក្នុងចំណោមរាប់រយកន្លែង ដែលស្ថិតនៅតំបន់វាលខ្សាច់ Mojave ភាគខាងកើតនៃទីក្រុងឡូសអាន់ជីលេស។ កសិដ្ឋានដាំរុក្ខជាតិកញ្ឆាទាំងនេះ អាចប្រមូលផលបានរៀងរាល់ពីរបីខែម្តង ដោយលក់បានក្នុងតម្លៃ ៦០០ដុល្លារក្នុងទម្ងន់ ៤៥០ក្រាម។ កសិដ្ឋានដាំរុក្ខជាតិកញ្ឆាខ្នាតឧស្សាហកម្មមួយចំនួន ត្រូវបានគេដឹងថា អាចរកចំណូលបានរាប់ម៉ឺនដុល្លារ ព្រោះតែកញ្ឆាជារុក្ខជាតិ ដែលអាចរកប្រាក់ចំណូលបានប្រហែល ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ចាប់តាំងពីបង្កើតច្បាប់មក ទោសទណ្ឌចំពោះការដាំដុះខុសច្បាប់ត្រូវបានកាត់បន្ថយមកត្រឹមពិន័យជាប្រាក់ចំនួន ៥០០ដុល្លារ និងជាប់ពន្ធនាគាររយៈពេល៦ខែប៉ុណ្ណោះ។ កសិដ្ឋានជាច្រើនបានដំណើរការឡើងវិញភ្លាមៗ បន្ទាប់ពីការវាយឆ្មក់របស់មន្រ្តីប៉ូលីស ដោយទីតាំងខ្លះបានស្រោចស្រពដំណាំកញ្ឆារបស់ពួកគេ ជាមួយនឹងម៉ាស៊ីនបូមទឹកខុសច្បាប់ ឬលួចលាក់ជីកអណ្តូងទឹក ការនេះបានបង្កើនសម្ពាធបន្ថែមទៀត ដល់រដ្ឋកាលីហ្វ័រញ៉ាដែលញាំញីដោយគ្រោះរាំងស្ងួត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner