សម្ដេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ជួបនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ ដើម្បីពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយ វិបត្តិ នៅមីយ៉ាន់ ម៉ា

ភ្នំពេញ៖ ខណៈអនុញ្ញាតឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កម្ពុជា បានបង្ហាញបំណងចង់ជួប នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈវីដេអូ ដើម្បីពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

ឯកឧត្តម ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានស្នើសុំអនុសាសន៍របស់សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ដោយឯកឧត្តម បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោ ថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។

ឯកឧត្ដម ក៏បានលើកឡើងអំពីការជួយពីខាងក្រៅដល់ក្រុមភេរវករ ក្រុមជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស ដែលធ្វើប្រទេសខាងក្រៅបានដាក់សម្ពាធទៅមីយ៉ាន់ម៉ា ថែមទៀត ធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែជួបការលំបាក ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការរៀបចំអនុវត្តគោលការណ៍៥ចំណុច សម្រាប់ការឈានឆ្ពោះទៅរកការបោះឆ្នោត ដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ខាងមុខនេះ ដោយក្នុងនោះមានគណបក្សចំនួន ៤៥ នឹងចូលរួម ហើយរដ្ឋាភិបាលក៏បាននិងកំពុងខិតខំដើម្បីរក្សានូវសន្តិភាព ដើម្បីឱ្យវិលត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ និងប្រក្រតីភាពមកវិញ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជូនចំពោះសម្ដេចតេជោ ផងដែរ ។

ជាការឆ្លើយតបពាក់ព័ន្ធនឹងស្ថានភាពមីយ៉ាន់ម៉ា សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ធ្លាប់បានបញ្ជាក់ហើយថា សម្ដេច មានបំណងបន្តបំពេញទស្សនកិច្ចទៅប្រទេសមានមីយ៉ាន់ម៉ា បន្តទៀត ប៉ុន្តែក៏អាកខានទៅវិញ ដោយសារស្ថានភាពសុខភាព ។

ទន្ទឹមនឹងនេះ ក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា បានលើកជាសំណូមពរមួយ ដោយសម្ដេចមានបំណងចង់ជួប ឯកឧត្តម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ តាមរយៈវីដេអូ conference ដើម្បីសួរសុខទុក្ខគ្នាផង ក៏ដូចជាពិគ្រោះពិភាក្សាប្ដូរយោបល់ ស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។

សម្ដេចតេជោ ក៏បានរំលឹកអំពីការរងទុក្ខលំបាកវេទនារបស់កម្ពុជាកន្លងទៅ បន្ទាប់ពីចេញពីរបបខ្មែរក្រហមហើយត្រូវបានទទួលរងការដាក់ទណ្ឌកម្មពីប្រទេសផ្សេងៗ បើប្រៀបធៀបកម្ពុជាពេលនោះជាមួយមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺកម្ពុជាស្ទើរតែធ្ងន់ធ្ងរជាងមីយ៉ាន់ម៉ាទៅទៀត ប៉ុន្តែដោយគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច និងការជំនះ របស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និង គណបក្សប្រជាជនកម្ពុជា យើងបាននាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner