វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកិច្ចប្រជុំកំពូលចំនួនពីរ នៅកម្ពុជា ក្នុងឆ្នាំនេះ

ភ្នំពេញ៖ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំ កិច្ចប្រជុំកំពូលចំនួនពីរ នៅកម្ពុជា ក្នុងនោះមាន៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤ ដើម្បីទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោកឲ្យមកវិនិយោគនៅកម្ពុជា ។ នេះបើតាមលោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

លោកប្រធានវិទ្យាស្ថាន បានសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកប្រធានវិទ្យាស្ថាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ន ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជា នឹងមានការអភិវឌ្ឍ និង រីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

លោកប្រធានវិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ បន្ថែមលើនេះ លោកបានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិត ស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២ ៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញ វិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។ សម្តេចធិបតី បានទទួលយកការអញ្ជើញរបស់ លោកប្រធានវិទ្យាស្ថាន ក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។

ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗ របស់រាជរដ្ឋាភិបាល ដូចជា៖ ការបង្កើតឡើងនូវគណៈកម្មាធិការ ផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍ការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលនានា ពីវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner