ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សមត្ថភាពកីឡាករ កីឡាការិនីវ័យក្មេងតេក្វាន់ដូ ITF ជាថ្នាលបន្តវេនប្រកបដោយក្តីសង្ឃឹម

(ភ្នំពេញ)៖ ក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូ ITF សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ៖«ខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលបានឃើញពីការបញ្ចេញអស់ពីសមត្ថភាពរបស់កីឡាករ កីឡារិនីវ័យក្មេងៗ ប្រកបដោយក្តីសង្ឃឹម ដែលជាអ្នកបន្តវេនកីឡាតេក្វាន់ដូ ITF កម្ពុជា» ។

ឯកឧត្ដម កែវ រ៉េមី បន្តថា ៖«ខ្ញុំមានសេចក្តីត្រេកអរ ដោយបានឃើញអ្នកបន្តវេនរបស់កីឡាករ កីឡាការិនីវ័យក្មេងលើប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលជាទំពាំងស្នងឫស្សី ដោយបង្ហាញសមត្ថភាពល្អ ។ អ្នកបន្តវេនទាំងអស់នឹងបន្តត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងកម្រិតអាស៊ី និងពិភពលោក នាថ្ងៃអនាគត។

ឯកឧត្ដមប្រធានសហព័ន្ធ ក៏បានកោតសរសើរចំពោះកីឡាករ កីឡារិនី ព្រមទាំងឪពុកម្តាយ អាណាព្យាបាលទាំងអស់ ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងគាំទ្រដល់កូនៗរបស់ខ្លួន ដើម្បីបន្តបណ្តុះបណ្តាលថ្នាលបន្តវេនតទៅថ្ងៃអនាគត។

ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា ការតេក្វាន់ដូ ITF នេះមាន ១១ រាជធានី-ខេត្ត បានចូលរួម ដោយមានកីឡាករ កីឡាការិនីសរុប ៦៣នាក់ ក្នុងនោះកុមារា ៣៤នាក់ និងកុមារីចំនួន ២៩នាក់ ។ ក្រោយការប្រកួតយ៉ាងស្វិតស្វាញលើវិញ្ញាសាចំនួន៨ ជ័យលាភីរួមមាន៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរីឈរលេខ១ ដោយដណ្តើមបានមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង, មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ឈរនៅលេខរៀងទី២ ដោយទទួលបានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២ ខណៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឈរនៅលេខរៀងទី៣ ដោយទទួលបានមេដាយមាស ១ និងមេដាយប្រាក់ ២គ្រឿង ៕

អត្ថបទ-ចាន់ វិចិត្រ
រូបភាព-ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner