កម្ពុជា ប្រែពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែក លើកសិកម្ម វៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុង លើវិស័យកសិកម្ម បែប ប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់ និង សកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំង ការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជ កម្ម អន្តរជាតិ។

នេះបើយោងតាម សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ ចូលរួមអបអរសាទរទិវាជាតិ លើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី វឌ្ឍនភាពទាំងនេះ នៅមិនទាន់បានឆ្លើយតបទាំងស្រុង ទៅនឹងបំណងប្រាថ្នាក៏ដូចជាមហិច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅឡើយ។

សម្តេចធិបតី បានគូសរំលេចថា ការរៀបចំយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ដើម្បីតម្រង់ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាគោលដៅអាទិភាពដ៏ធំបំផុតក្នុងការកសាងសង្គមកម្ពុជាឱ្យបកបដោយ វិបុលភាពនិងស៊ីវិល័យ និងជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់ ទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវតែដាក់ចេញ និង អនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឱ្យស្របតាមចលនានៃបដិវត្តឧស្សាហកម្ម៤,០ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការដាក់ចេញ នូវអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner