ក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងស្រុកសណ្ដាន់ ប្ដេជ្ញាទទួលខុសត្រូវលើភារកិច្ច ដែលបក្សបានប្រគល់ជូន

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំរួមដំណើរដោយឯកឧត្តម សុក រីនណា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស តំណាងឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេច បែងចែកក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ របស់ស្រុកសណ្ដាន់ ។

ក្នុងឳកាសនេះឯកឧត្តម សុក រីនណា តំណាងឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ បានណែនាំ និងបានប្រគល់ភារកិច្ចមួយចំនួន ជូនដល់ក្រុមការងាររបស់គណបក្សតាមឃុំនីមួយៗ ត្រូវទទួលខុសត្រូវខ្ពស់តាមភារកិច្ច ដែលគណបក្សបានប្រគល់ជូន  ។ជាមួយនោះដែរត្រូវបន្តសកម្មភាពចុះមូលដ្ឋានឃុំ.ភូមិនីមួយៗ ដែលខ្លួនទទួលខុសត្រូវ ដើម្បីចិញ្ចឹមចលនា ផ្សារភ្ជាប់ជិតស្និទ្ធជាមួយមហាជន និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ ភូមិនីមួយៗឲ្យបានទាន់ពេលវេលា។

ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ បានប្ដេជ្ញាចិត្តដាច់ខាតទទួលខុសត្រូវលើភារកិច្ច ដែលគណបក្សបានប្រគល់ជូន និងអនុវត្តន៍ឱ្យទទួលបានជោគជ័យ តាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះ ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់តាមលទ្ធិប្រជាធិបតេយ្យនៅពេលខាងមុខ ទៀត ៕
ដោយ:ប៊ុន រដ្ឋា

ads banner