អនុប្រធានក្រុមការងារ៖ មន្ត្រីណាប្រព្រឹត្តខុសឆ្គង សុំឱ្យដកខ្លួនចេញឳ្យផុតពីបទល្មើសនានា

កំពង់ធំ៖ មន្ត្រីណាប្រព្រឹត្តខុសឆ្គង សុំឱ្យដកខ្លួនចេញឳ្យផុតពីបទល្មើសនានាជាបន្ទាន់ ។ជាពិសេស មន្ត្រីណា ដែលឃុបឃិត ឬធ្វើជាមេខ្លោងក្នុងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ឬទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំទាំង៩ របស់ស្រុកសណ្ដាន់ ព្រមទាំងប្រគល់រថយន្តគិលានសង្គ្រោះ ជូនមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តម ម៉ៅ សុផាន់ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ អាជ្ញាធរភូមិ ឃុំ ក្នុងស្រុកសណ្ដាន់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជនបានល្អប្រសើរ និងបានក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការគ្រប់រូប ត្រូវបន្តខិតខំបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម និងបានគូសបញ្ជាក់ថាស្នាមញញឹមរបស់ប្រជាជន គឺជាសេចក្តីសុខ និងសុភមង្គលរបស់យើងគ្រប់គ្នាៗ ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ សុផាន់ បានព្រមានចំពោះមន្ត្រីណាដែលឃុបឃិត ឬធ្វើជាមេខ្លោងក្នុងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ឬទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ឬជាមេខ្លោងជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ដូច្នេះបើសិនមានមន្ត្រីណាប្រព្រឹត្តខុសឆ្គង សុំឲ្យដកខ្លួនចេញផុតពីបទល្មើសនានាជាបន្ទាន់ ។

ក្នុងឱកាសនេះ ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានប្រគល់រថយន្តគិលានសង្គ្រោះមួយគ្រឿង គ្រែពេទ្យ ដែលមានប្រដាប់វាស់ស្ទង់សម្ពាធឈាម និងចង្វាក់បេះដូង ចំនួនមួយគ្រែ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ហើយបានសន្យាឧបត្ថម្ភប្រេងឥន្ធនៈសម្រាប់រថយន្តគិលានសង្គ្រោះប្រចាំខែ ក្នុងមួយខែចំនួន៣០០លីត្រ និងឧបត្ថម្ភថវិកាបន្ថែមសម្រាប់អ្នកបើកបររថយន្តគិលានសង្គ្រោះក្នុងមួយខែ១០០ដុល្លារផងដែរ ៕ ដោយ :ប៊ុន រដ្ឋា

ads banner