ចូលឆ្នាំក្តៅហែង ខេត្តឆ្នេរសមុទ្របួនត្រៀមខ្លួនជាពិសេសទទួលភ្ញៀវទេសចរ

ភ្នំពេញ៖ ខេត្តជាប់សមុទ្រចំនួន៤ដែលមានឆ្នេរខ្សាច់ល្អសក្បុស រំពឹងទាញភ្ញៀវទេសចរបានច្រើននៅថ្ងៃបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះដល់ថ្ងៃអង្គារអាទិត្យក្រោយ។

ខេត្តកំពត កំពុងតែមានប្រជាប្រិយជាមួយនឹងសេះសមុទ្របាញ់ទឹក និងហេដ្ឋារចនាសម្ព័ន្ធថ្មីប្របមាត់ព្រែកដែលផ្តល់នូវចំណីអារម្មណ៍ប្លែកពីមុន ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត សង្ឃឹមថា សម្រស់ថ្មីនៃខេត្តហ៊ុព័ទ្ធដោយទឹកនិងភ្នំនេះនឹងយកឈ្នះអាកាសធាតុក្តៅហួតហែង ហើយទាញភ្ញៀវទេសចរមកកំសាន្តបានច្រើន។

នៅកៀកបង្កើយនឹងកំពត ខេត្តកែប រំពឹងទទួល បាន ភ្ញៀវទេសចរណ៍ មិនក្រោម ១០ម៉ឺននាក់នោះទេ ក្នុង រយៈពេល ៤ថ្ងៃនៃពិធី បុណ្យចូលឆ្នាំខ្មែរ ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប បាន ប្រាប់ទូរទស្សន៍ អប្សរាថា «សង្ក្រាន្តខេត្ត កែប » នៅ ឆ្នេរអង្កោលដ៏មានប្រជាប្រិយនឹងទាក់ចិត្តអ្នកទេសចរ។

ខេត្តព្រះសីហនុ ក៏ពិសេសដែរ។ ជាលើកដំបូង ខេត្តនេះនឹងរៀបចំពិធីស្រង់ព្រះនៅទីតាំងព្រះថោងតោងស្បៃនាងនាគនៅថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។ លោក ឡុង ឌីម៉ង់ អភិបាល រង ខេត្ត ព្រះសីហនុ និយាយដោយរីករាយថា អាកាសធាតុក្តៅមិនមានជាឧបសគ្គសម្រាប់ខេត្តជាប់ឈូងសមុទ្រថៃនេះទេ។ ចំណែក ខេត្ត កោះកុងវិញ ទោះឆ្ងាយពីឆ្នេរសមុទ្រទាំង៣ខាងលើបន្តិច តែខេត្តនេះសម្បុរតំបន់ទេសចរធម្មជាតិច្រើនកន្លែងដែលលាក់ខ្លួននៅតាមជ្រលងដងព្រៃ និងដៃសមុទ្រ។ ទោះផ្លូវចូលទៅខេត្តនេះនៅលំបាកខ្លះ តែរដ្ឋបាលខេត្តរំពឹងមានភ្ញៀវទេសចរច្រើន។

យោងតាមគេហទំព័រធ្វើដំណើរ traveloka ការរកំសាន្តនៅតំបន់សមុទ្រនៅរដូវក្តៅជួយឲ្យអារម្មណ៍ស្រស់ថ្លា។ ទឹកសមុទ្រខៀវស្រងាត់នាំមកនូវភាពស្ងប់ស្ងាត់ ទឹករលកបោកច្រាំងបាំងភាពនឿយហត់ ខ្សាច់ល្អសក្បុសក្រោមលំហខ្យល់សមុទ្រ ផ្តល់ភាពកក់ក្តៅ និងសម្រាលភាពតានតឹង។

កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរ ជាតិ និង អន្តរ ជាតិប្រមាណ ជាង ១៣ លាន នាក់ បាន ដើរ កម្សាន្ត តាម តំបន់ នានា នៅ ទូទាំងទេស ក្នុងអំឡុងពេល បុណ្យចូលឆ្នាំ ប្រ ពៃ ណី ជាតិខ្មែរ ក្នុង នោះភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺ ខេត្ត សៀមរាប បាត់ដំបង និង ខេត្តកំពង់ចាម៕
 ដោយ:សែន ដាវិត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner