គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រវាយប្រហារជប៉ុន មនុស្ស ៨នាក់របួស ប៉ុន្តែមិនបង្កជារលកយក្សស៊ូណាមិទេ
តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៣រ៉ិចទ័របានវាយប្រហារភាគនិរតីប្រទេសជប៉ុន ប៉ុន្តែមិនបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ឬរលកយក្សស៊ូណាមិទេ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានវាយប្រហារប្រទេសជប៉ុន នៅម៉ោង ១១៖១៤នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ស្ថិតនៅចន្លោះកោះ Kyushu និង Shikoku។ ជាមួយគ្នានេះ អាជ្ញាធរនុយក្លេអ៊ែរជប៉ុន បាននិយាយថា រោងចក្រថាមពល Ikata នៅក្នុងតំបន់នេះ មិនបានទទួលរងការប៉ះពាល់ទេ ហើយកំពុងបន្តដំណើរការជាធម្មតា។
រីឯអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បានបញ្ជាក់ថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយក៏មិនមានរបាយការណ៍អំពីអ្នកស្លាប់ ដែលបង្កឡើងពីគ្រោះរញ្ជួយដីនេះដែរ ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានមនុស្សរបួសស្រាលចំនួន៨នាក់។
ដោយមានសណ្ឋានដីស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជប៉ុនជាប្រទេសដែលជួបគ្រោះរញ្ជួយដីញឹកញាប់ជាងគេនៅក្នុងពិភពលោក។ ជប៉ុនតែងតែជួបប្រទះនូវគ្រោះរញ្ជួយដីប្រមាណ ១,៥០០លើក ស្ទើរជារៀងរាល់ឆ្នាំ។
តួយ៉ាង កាលពីខែមិនា ឆ្នាំ២០១១ គ្រោះរញ្ជួយដីដ៏ធំបំផុតក្នុងកំណត់ត្រារបស់ប្រទេសជប៉ុន ក្នុងកម្រិត ៩រ៉ិចទ័រ បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបណ្តាលឱ្យមនុស្សប្រហែល ១៨,៥០០នាក់បានស្លាប់ ឬបាត់ខ្លួន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា