Meta AI ជំនាន់ថ្មី សួរសំណួរ តាមវ៉ែនតាឆ្លាតវៃ និង App
លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Meta នឹងបញ្ចេញបញ្ញាសិប្បនិម្មិត ឬ AI ទំនើបបំផុត ដែលអាចសួរសំណួរ តាមរយៈវ៉ែនតាឆ្លាតវៃ និង App នោះគឺ Llama 3 AI។
លោក Zuckerberg អះអាងថា ការ Update បញ្ញាសិប្បនិម្មិតចុងក្រោយនេះ មានគោលដៅបង្កើត AI ឈានមុខគេ លើពិភពលោក។ លោកបន្តទៀតថា គំរូភាសា Llama 3 AI ជាប្រភពបើកចំហ ដែលអាចប្រើដោយសេរី ហើយវាជាជំនួយការ AI ដ៏ឆ្លាតវៃបំផុត។
លោកបានបន្តថា យើងកំពុងធ្វើឱ្យ Meta AI កាន់តែងាយស្រួលប្រើ ដោយបញ្ចូលវាទៅក្នុងប្រអប់ស្វែងរក ឬ Search Boxes នៅផ្នែកខាងលើនៃ WhatsApp, Instagram, Facebook និង Messenger ។ យើងក៏បានបង្កើតគេហទំព័រ meta.ai សម្រាប់អ្នកប្រើតាម វេបសាយនេះ ផងដែរ។
លោក Zuckerberg បន្ថែមទៀតថា Meta AI ក៏បានបង្កើតមុខងារបង្កើតប្លែកៗ មួយចំនួន ផងដែរ ដូចជា សមត្ថភាពក្នុងការធ្វើឱ្យរូបភាពមានចលនា, បង្កើតរូបភាពដែលមានគុណភាពខ្ពស់ ឆាប់រហ័ស ព្រមទាំង បង្កើតវីដេអូចាក់សារជាថ្មី ឬ Playback Video នៃដំណើរការបង្កើតរូបភាពទាំងនោះ ផងដែរ។
យោងតាមប្រភពពី AFP បានឲ្យដឹងដែរថា Llama 3 នឹងជួយដល់គំរូភាសា Llama ដែលមានស្រាប់ បង្កើនសុវត្ថិភាព កាន់តែល្អប្រសើរ ហើយក៏ផ្តោតលើប្រព័ន្ធអេកូឡូស៊ី កាន់តែទូលំទូលាយ ដោយត្រូវប្រាកដថា ការអភិវឌ្ឍបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយហានិភ័យ តាមរបៀប ដែលរំពឹងទុក។
ក្រុមហ៊ុន Meta បាននិយាយថា នៅពេលនេះ Llama 3 គឺផ្អែកលើភាសាអង់គ្លេស ប៉ុន្តែ នៅក្នុងប៉ុន្មានខែខាងមុខនេះ Meta នឹងបញ្ចេញម៉ូដែលមានសមត្ថភាព បន្ថែមទៀត ដែលអាចនិយាយបានច្រើនភាសា នេះបើតាម AFP ដដែល៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត