ទឹកជំនន់នៅឌូបៃ លុបចោលជើងយន្តហោះ ជាង១ពាន់
គ្រោះទឹកជំនន់បានបណ្តាលឲ្យមានការលុបចោលជើងហោះហើរ ចំនួន១២៤៤ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ខណៈដែល ៤១ជើងហោះហើរ ទៀតត្រូវផ្លាស់ប្តូរពេលវេលាចេញដំណើរ។
អាកាសយានដ្ឋានឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បានប៉ះពាល់ រយៈពេលបីថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងពេលជាង៧០ឆ្នាំ កើតមាននៅក្នុងប្រទេសមួយនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំ និងក្រុមហ៊ុនអាកាសចរណ៍បុត្រសម្ព័ន្ធ flydubai បានឲ្យដឹងថា អ្នកដំណើររាប់ពាន់នាក់បានជាប់គាំង នៅព្រលានយន្តហោះ។ អ្នកដំណើរជាច្រើននាក់ ត្រូវបានបង្ខំឱ្យដេក នៅព្រលានយន្តហោះ។
ក្រៅពីប៉ះពាល់ដល់អាកាសយានដ្ឋានអន្តរជាតិ ទឹកជំនន់បានជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ខណៈសាលារៀនត្រូវបិទ្វារ រហូតដល់សប្តាហ៍ក្រោយ។
យ៉ាងណាមិញ ព្រលានបានផ្តើមដំណើរឡើងវិញ កាលពីថ្ងៃសុក្រ ជាបណ្តើរៗ បន្ទាប់ពីធូរស្រាលបន្តិច ពីទឹកជំនន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត