រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការ ការសហការចូលរួមពីដៃគូអភិវឌ្ឍ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់អំពីគោលដៅកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹក (Water Licensing) ឡើយ។ ដូច្នេះ គម្រោងទាមទារឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យឱ្យបានស៊ីជម្រៅទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ពិសេសស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងត្រូវប្រើប្រាស់ថវិកាឱ្យចំទិសដៅ ដោយមិនត្រូវបង្កើតបញ្ហាណាមួយឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពប្រជាជន។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងត្រូវមានផែនការវិនិយោគច្បាស់លាស់ និងត្រូវធ្វើជាជំហាន ដោយចាប់ផ្តើមដំបូងនៅខេត្តចំនួន២ គឺក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់នៅខេត្តកំពង់ធំ និងព្រះវិហារ។

សូមជម្រាបថា គោលបំណងរបស់គម្រោង គឺដើម្បីបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេដែលបានជ្រើសរើសដោយរួមបញ្ចូលនូវយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ (Climate Change) ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner