ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ស្វាយរៀង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការប្រើប្រាស់អាងទឹកទាំងអស់នេះ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លី មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។ ការចុះបញ្ជីដីធ្លីគឺជាការបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជានិងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រដែលជាគោលដៅក្នុងគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្តស្វាយរៀងឱ្យគិតគូរអំពីការរៀបចំប្លង់គោល ការរៀបចំក្រុង ផ្ទះសម្បែង ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្តដើម្បីអភិវឌ្ឍន៍ខេត្តនេះឱ្យក្លាយជាទីកន្លែងដែលមានបរិយាកាសប្រកបដោយផាសុកភាពនិងផ្ដល់សុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋផងដែរ ។

ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីសេវាគាប់ចិត្តដែលដំណើរការតាមប្រព័ន្ធឌីជីថលផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទទួលសេវាកម្មបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់អំពីការងារជាយុទ្ធសាស្ត្ររបស់ក្រសួងជូនដល់មន្ត្រីនិងរដ្ឋបាលស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីចូលរួមពង្រឹងកិច្ចសហការ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងអោយបានល្អ ដោយត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តតាមគោលនយោបាយ និងកិច្ចសហការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋផងដែរ នោះទើបការងារចុះបញ្ជីដី ទាំងការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីប្រជាពលរដ្ឋ ដីឯកជន ដីតំបន់ការពារ ដីកសិកម្មនិងការចុះបញ្ជីដីប្រវត្តិសាស្ត្រយោធា អាចដំណើរការបានដោយរលូននិងមានប្រសិទ្ធភាពឆាប់រហ័សស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបថា អង្គប្រជុំបានស្នើសុំចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេស ទៅលើ អាងទឹកមួយ ចំនួន ដែលមានសក្តានុពលប្រភពទឹកសម្រាប់ប្រើប្រាស់វិស័យកសិកម្មនិងទឹកស្អាត ដូចជា ៖ អាងទឹកអូរស្មាច់ ទំហំប្រមាណ ៦៣៣,៤៤៨ហិកតា ស្ថិតនៅស្រុកស្វាយជ្រុំ និងក្រុងស្វាយរៀង អាងទឹកវ៉ៃគោ ទំហំប្រមាណ ១៧៧៨,៨៩ហិកតា ស្ថិតនៅស្រុកស្វាយជ្រុំ រំដួល និងក្រុងស្វាយរៀង អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា អាងទឹកបាធូ ទំហំប្រមាណ១៦៤០,៧៤១ហិកតា ស្ថិតនៅស្រុកកំពង់រោទិ៍និងស្រុកចន្ទ្រា អាងទឹកព្រែកនាល ទំហំប្រមាណ ៦៨១,៩៨៨ហិកតា ស្ថិតនៅក្រុងស្វាយរៀង ស្រុកស្វាយជ្រុំ និង ស្រុកកំពង់រោទ៍ ព្រែកតាពៅ ទំហំប្រមាណ ១៨០,៥១៥ហិកតា ស្ថិតនៅក្រុងបាវិត អាងទឹកត្រដែត ទំហំប្រមាណ ១១៦,០៦៩ហិកតា ស្ថិតនៅក្រុងស្វាយរៀង ស្រុកស្វាយទាប និងស្រុកកំពង់រោទ៍ អាងទឹកវ៉ៃគោក្រោម ទំហំប្រមាណ ៧៨ហិកតា ស្ថិតនៅស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ព្រែកកំពង់ចម្លង ទំហំប្រមាណ ៧៦ហិកតា ស្ថិតនៅស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង និងដីចម្ការព្រៃកូនគគីរ ទំហំ ៤០៥ ហិកតាស្ថិតនៅក្រុងបាវិត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner