ក្រសួងផែនការបដិសេធការបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងបណ្ណសមធម៌

ភ្នំពេញ៖ ក្រសួងផែនការឱ្យដឹងថា មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌ ក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោកបញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតំបន់ក្រុងរុនតាឯក និងពាក់ស្នែងនៃខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋក្រុមគោលដៅទូទាំងប្រទេស។

ក្រសួងផែនការបានបន្តថា ជាក់ស្តែងព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា “Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate.” និងភាសាខ្មែរ ថា “ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម”។ ក្នុងរូបភាពផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ $ ២ ៥០០ ទៀតផង។

ក្រសួងផែនការបានបដិសេដទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចខាងលើ។

ក្រសួងផែនការបានបញ្ជាក់ថា ដើម្បីទទួលបានបណ្ណសមធម៌ ប្រជាពលរដ្ឋគ្រប់រូបដែលគិតថា ខ្លួនមានការលំបាកផ្នែកជីវភាព ត្រូវទៅដាក់ពាក្យស្នើសុំសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅ សាលាឃុំ សង្កាត់។ ក្រុមការងារឃុំ សង្កាត់ នឹងអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រួសារ នោះ ហើយក្រសួងផែនការនឹងចេញបណ្ណសមធម៌ជូនគ្រួសារដែលលទ្ធផលនៃការសម្ភាសន៍បង្ហាញថាបានជាប់ជាគ្រួសារក្រីក្រ។ ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត គឺមិនមែនជា ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងផែនការឡើយ៕

ads banner