ត្រឹម៣ខែ អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ហក់ឡើងជិត ៤ភាគរយ
ម៉ានីល៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានរាយការណ៍នៅថ្ងៃពុធនេះថា អត្រាគ្មានការងារធ្វើរបស់ប្រទេសហ្វីលីពីន បានកើនឡើងចំនួន ៣.៩ភាគរយនៅក្នុងខែមីនា ហើយនៅក្នុងខែកុម្ភៈមានចំនួន ៣.៥ភាគរយ។
យោងតាមលទ្ធផលនៃការស្ទង់មតិទូទាំងប្រទេស ពីប្រជាជនចំនួន ១១,១១៤គ្រួសារ បានបង្ហាញថា មានប្រជាជនហ្វីលីពីនចំនួនពីរលាននាក់ ដែលគ្មានការងារធ្វើ ឬឈប់ធ្វើអាជីវកម្មនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ កើនឡើងពី ១.៨លាននាក់កាលពីខែកុម្ភៈ។ ការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើ កើតឡើងស្របពេលកើនឡើងចំនួនកម្លាំងពលកម្មនៅក្នុងប្រទេសហ្វីលីពីន ដល់ ៥១.៥លាននាក់ បើធៀបនឹងពីមុន មានត្រឹម ៥០.៧៥លាននាក់។
តួលេខនេះនាំឱ្យអត្រានៃកម្លាំងពលកម្មនៅទូទាំងប្រទេសហ្វីលីពីន កើនដល់ ៦៥.៣ភាគរយក្នុងខែមីនា បើធៀបនឹងខែកុម្ភៈមានត្រឹម ៦៤.៨ភាគរយ។ កំណើនកម្លាំងពលកម្មខាងលើនេះ នឹងជួយបង្កើនគុណភាពការងារបានប្រសើរឡើង បន្ទាប់ពីអត្រាការងារមិនគ្រប់គ្រាន់សម្រាប់បុគ្គលិក បានថយចុះមកត្រឹម ១១ភាគរយក្នុងខែមីនា ធ្លាក់ចុះធៀបនឹងខែកុម្ភៈមានចំនួន ១២.៤ភាគរយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា