ជនភៀសខ្លួននៅមីយ៉ាន់ម៉ា កើនដល់ ៣លាននាក់

ណៃពិដោ៖ អង្គការសហប្រជាជាតិបានឱ្យដឹងថ្មីៗនេះថា ចំនួនមនុស្សផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣លាននាក់ ដែលភាគច្រើនត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារជម្លោះដែលបានកើតឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ របស់យោធា។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា មីយ៉ាន់ម៉ាបានឈរនៅមាត់ជ្រោះក្នុងឆ្នាំ២០២៤ ជាមួយនឹងវិបត្តិមនុស្សធម៌កាន់តែដុនដាប។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រហែលមួយភាគបីនៃអ្នកផ្លាស់ទីលំនៅទាំងនោះ គឺជាកុមារ ហើយប្រហែលពាក់កណ្តាលនៃមនុស្សចំនួន ៣លាននាក់ បានផ្លាស់ទីលំនៅចាប់តាំងពីចុងឆ្នាំមុន នៅពេលដែលសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានចាប់ផ្តើមការវាយលុកប្រឆាំងយោធារដ្ឋាភិបាលនៅទូទាំងរដ្ឋសាន ភាគខាងជើង។

អង្គការសហប្រជាជាតិបាននិយាយថា ការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដល់ការផ្តល់ជំនួយរបស់ខ្លួន ជាពិសេសនៅមុនរដូវព្យុះស៊ីក្លូននាខែឧសភា ដល់ខែមិថុនា។ កាលពីឆ្នាំមុន ព្យុះស៊ីក្លូន ម៉ូកា បានបោកបក់ចូលរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់។

អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា មនុស្សជាង ៣៥៥,០០០នាក់បច្ចុប្បន្នកំពុងភៀសខ្លួននៅក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងលិច ចាប់តាំងពីខែវិច្ឆិកា ដោយការប៉ះទង្គិចគ្នារវាងកងទ័ព Arakan (AA) និងយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ប្រជាជនប្រហែល ២.៧លាននាក់បានភៀសខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី។ រដ្ឋប្រហារនេះដែរ ក៏បានបង្កឱ្យមានការប៉ះទង្គិចជាថ្មីជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានបង្កើតកងកម្លាំងការពារប្រជាជនថ្មីរាប់ពាន់នាក់ ហើយជាលទ្ធផលនោះ យោធាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការបង្ក្រាប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner