រកឃើញព្រែកជីកបុរាណមុនសម័យអង្គរ សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

ភ្នំពេញ៖ អ្នកស្រាវជ្រាវខ្មែរ បានរកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង ២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប នៃខេត្តសៀមរាប។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរអប្សរានៅថ្ងៃព្រហស្បតិ៍នេះ។
ព្រែកជីកបុរាណនេះ ពុំធ្លាប់មានអ្នកបុរាណវិទ្យា ផ្នែកវិស្វកម្ម និងផ្នែកធារាសាស្ដ្រធ្វើការសិក្សានៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានការសិក្សាពីអ្នករស់នៅក្នុងសហគមន៍តាមបណ្តោយព្រែកជីកខ្លះដែរ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថតពីលើអាកាស ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៤១ ដោយបានបង្ហាញថាព្រែកស្រមោចនេះ សណ្ដូកតាមទិសពីជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។

ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ ហើយកន្លែងខ្លះមានទទឹង៣០០នម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាបច្រាលចូលក្នុងព្រែក។  

បើទោះជាពុំមានការបញ្ជាក់ថា ព្រែកជីកដ៏ធំនេះ កសាងនៅសម័យណា ប៉ុន្តែគេអាចសន្និដ្ឋានបានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកបុរាណនេះ ឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច“ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។  

អ្នកស្រុករស់នៅតាមទំនប់ព្រែកជីកនេះ និយាយតៗគ្នាថា ព្រែកស្រមោច ឬហៅម្យ៉ាងទៀតថា ផ្លូវសំពៅ ជាផ្លូវទឹកបុរាណមួយដែលមានសំពៅចរាចរចុះឡើងចន្លោះពីទន្លេសាប ទៅដល់ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទនៅអង្គរ។

ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញ កុលាលភាជន៍ខ្លះៗ ដូចជាកុលាលភាជផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល មុនសម័យអង្គរ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តដឹកនាំក្រុមស្រាវជ្រាវស្វែងរកឬសគល់ តួនាទី និងស្រាយចម្ងល់ថា តើព្រែកជីកបុរាណនេះ ប្រើសម្រាប់ដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះមកទន្លេសាប ឬមួយមានតួនាទីជាផ្លូវដឹកថ្មពីអូរថ្មដាប់ដែលជាកន្លែងដាប់យកថ្មទៅកសាងប្រាសាទនៅអង្គរឬយ៉ាងណា៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner