ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាដោះស្រាយវិវាទដីធ្លី នៅខេត្ត កំពង់ឆ្នាំង ដើម្បី ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លី ជាប្រព័ន្ធឱ្យ បានរួចរាល់ ក្នុងអាណត្តិទី៧នេះ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគ រូប នីយកម្ម និងសំណង់ ប្តេជ្ញាដោះស្រាយបញ្ហាវិវាទដីធ្លីនៅ ក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ចប់សព្វគ្រប់ សំរាប់ធ្វើជាគំរូក្នុងការដោះស្រាយវិវាទដីធ្លីនៅខេត្តផ្សេងៗទៀត ដើម្បី ឈានឆ្ពោះទៅបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានរួចរាល់ក្នុងអាណត្តិទី៧ នេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីអន្តរក្រសួងរួមមាន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរទន្លេសាប ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញឱ្យមានការរួមគ្នាអនុវត្តគោលនយោបាយបញ្ចប់ការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ប្រមាណ ៥លានក្បាលដីទៀតនៅទូទាំងប្រទេស និងណែនាំឱ្យពន្លឿនការចុះបញ្ជីគ្រប់ដីរដ្ឋទាំងអស់រួមមាន សាលារៀន វត្តអារាម តំបន់អភិរក្ស និងដីសម្បទាន ជាដើម។

ការចុះបញ្ជីដីធ្លីបង្ហើយតាមផែនការដែលបានកំណត់ក្នុងនីតិកាលទី៧ នឹងរួមចំណែកបង្កើតបរិយាកាសមិនមានវិវាទដីធ្លីនៅកម្ពុជា និងពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីស្របច្បាប់ ព្រមទាំងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ៕

ដោយ / គ្រី សម្បត្តិ
(FB-TT)

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner