គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បង្ហាញលទ្ធផល ប្រាំពីរថ្ងៃ

កំពង់ធំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ និងការបង្ហាញអំពីលទ្ធផលសកម្មភាព រយៈពេលប្រាំពីរថ្ងៃនៃការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់  និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី៧ឧសភា ។

លោក ពេជ្រ ថាល់ អនុប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានឡើងរាយការណ៍ អំពីសភាពការណ៍ទូទៅ និងសភាពការណ៍សន្តិសុខសណ្ដាប់ ធ្នាប់សង្គមក្នុងរយៈពេលមួយខែកន្លងទៅ និងបានដាក់ចេញ នូវទិសដៅសំខាន់ៗមួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រាប់អនុវត្តបន្ត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានរាយការណ៍អំពីលទ្ធផលទទួលបាន ក្នុងរយៈពេល៧ ថ្ងៃ ក្នុងការអនុវត្តន៍តាមបទបញ្ជាលេខ០១៣/បជ ២០២៤ របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោ ធពលខេមរភូមិន្ទ ចូលរួមក្នុងផែនការប្រើប្រាស់កម្លាំងសរុប ដែលមានកងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ ចំនួន ៣២០ នាក់ ធ្វើសកម្មភាពរួមគ្នា ក្នុងពេលតែមួយ  ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត ដោយទទួលបានលទ្ធផលមួយចំនួនគួរជាទីមោទនៈមានដូចជា បាន រឹបអូសយកដីរបស់រដ្ឋ ដែលជនល្មើសបានកាប់ទន្ទ្រានយក ប្រគល់ជូនរដ្ឋវិញបានជាច្រើនរយហិចតា បំផ្លាញជម្រកជនល្មើសជ្រកលាក់ខ្លួនធ្វើសកម្មភាពបានចំនួន៦ខ្នង កំទេចឡធ្យូងបានចំនួន៥ឡ បំផ្លាញដំណាំដែលជនល្មើស បានដាំលើដីកាប់ទន្ទ្រានរបស់រដ្ឋដោយខុសច្បាប់ ចំនួនរាប់ម៉ឺនដើម មន្ត្រី នគរបាល យុត្តិធម៌ ចាប់ជនល្មើស ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងចំនួន៣នាក់ និងរឹបអូសវត្ថុតាងជាច្រើនទៀត ប្រគល់ជូនតុលាការ ដើម្បីចាត់ការដោះស្រាយតាមនីតិវិធីច្បាប់ ។

ឯកឧត្តម ងួន រតនៈ បានថ្លែងកោតសរសើរចំពោះកងកម្លាំង ប្រដាប់អាវុធទាំង៣ ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បណ្ដាមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរួមគ្នា ក្នុងការការពារ គ្រប់គ្រងធនធានធម្មជាតិ ពិសេស ក្នុងសកម្មភាពអនុវត្តផែនការការប្រើប្រាស់កម្លាំងសរុប ទប់ស្កាត់ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ។

ឯកឧត្តមប្រធានគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀត ជូនកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី និងបណ្ដាមន្ទីរ ស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវបន្តរួមគ្នាអប់រំផ្សព្វផ្សាយ ជូនប្រជាជន ឲ្យគាត់បានយល់ជ្រួតជ្រាប ហេីយ កុំ ចូល រួម ក្នុង ការ ប្រព្រឹត្តិ បទ ល្មើស ធនធាន ធម្មជាតិ និងត្រូវចូលរួម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន នូវបណ្ដាបទល្មើសធនធានធម្មជាតិ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន ៕ ដោយ :ប៊ុន រដ្ឋា

ads banner