សមយុទ្ធនាគមាសទី៦ ចាប់ផ្តើមថ្ងៃទី១៦នេះ (Video Inside)

សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ឧសភា ដែលនឹងមានការចូលរួមពីកងកម្លាំងរបស់ប្រទេសទាំង២ ចំនួនជាង ២ពាន់នាក់ និងនាវាចម្បាំង ១៤គ្រឿង។

អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅថ្ងៃទី១៥ឧសភានេះ បានចុះត្រួតពិនិត្យការរៀបចំនានា នៅមួយថ្ងៃមុនសមយុទ្ធនាគមាសទី៦ ចាប់ផ្តើមជាផ្លូវការ។

នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ព រំដោះប្រជាជនចិនឧត្តមនាវីទោ កៅស៊ីវ ឈីង និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យការរៀបចំនៅមួយថ្ងៃមុននេះផងដែរ។

នេះជាសមយុទ្ធក្នុងទ្រង់ទ្រាយធំ មួយដែលរំពឹងថានឹងមានការចូលរួមពីនាវាចិន ជិនហ្គាង ស្ហាន Jinggangshan និងនាវាឈី ជីហ្គ័ង Qijiguang ក្នុងដែនទឹកនៃប្រទេសកម្ពុជា។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទបាន លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងថាសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិនលើកទី៦នេះ នឹងមានកងទ័ពកម្ពុជាជាង ១ពាន់ ៣០០នាក់ ខណៈកងទ័ពចិន ចំនួនជាង ៧០០នាក់ ក្នុងនោះមាននាវាចម្បាំងរបស់ចិនខ្នាតធំចំនួន ៣គ្រឿង និងវាកម្ពុជាចំនួន ១១គ្រឿង។

មន្ត្រីនាំពាក្យយោធាកម្ពុជាបានថ្លែងថា សមយុទ្ធនេះ គឺដើម្បីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើនសមត្ថភាពកងទ័ពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពុំមែនធ្វើដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។

ads banner