អគ្គមេបញ្ជាការកងទ័ពកម្ពុជាទទួលជួបមេបញ្ជាការវៀតណាមការពាររដ្ឋធានីហាណូយ (Video Inside)

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបមេបញ្ជាការវៀតណាម នៃបញ្ជាការដ្ឋានការពាររដ្ឋធានីហាណូយ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត (NGUYEN QUOC DUYET) នៅថ្ងៃទី១៥ឧសភានេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកជុំវិញទំនាក់ទំនងរវាងប្រទេសទាំង២ ដែលមានតាំងពីដើមរៀងមក និងបានបន្តរហូតមកដល់បច្ចុប្បន្ន ដែលចំណងសាមគ្គីភាពនៅតែបន្ត ការពូនជ្រុំ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ មានការរីកចម្រើនរឹងមាំជាលំដាប់ ដោយគ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ។

កម្ពុជានិងវៀតណាម មានចំណងទំនាក់ទំនងស្អិតល្មួតរវាងគ្នា បើទោះបីជាមានពួកប្រតិកិរិយា ព្យាយាមចង់បំបែកទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងរឿងបញ្ហាព្រែកជីកហ៊្វូណនយ៉ាងណាក៏ដោយ។

អគ្គមេបញ្ជាការកងទ័ពកម្ពុជានៅបានថ្លែងអំណរគុណដល់បក្សរដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងបានឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា សម្ភារៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក៏ដូចជាបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញក្នុងមួយឆ្នាំៗ រួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទឱ្យមានភាពរីកចម្រើន។

លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានថ្លែង រំលឹកឡើងវិញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសជិតខាង មានទំនាក់ទំនងជាប្រពៃណី ធ្លាប់កៀកស្មើគ្នាជួយគ្នាទៅវិញទៅមក តស៊ូប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម ក៏ដូចជាការរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នៅឆ្នាំ១៩៧៩។

លោកឧត្តមសេនីយ៍ទោ ង្វៀន គួកហ្ស៊ាត បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពេលនេះ ក្នុងគោលបំណងបន្តកិច្ចពិភាក្សាការងារទ្វេភាគី ជាមួយកងពលតូចលេខ៧០ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារការពារសន្តិសុខ ការពារសុវត្ថិភាព និងព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដែលកើតឡើង រួមនឹងការងារហ្វឹកហ្វឺន ការកសាងអង្គភាព ជាពិសេសការចងសម្ព័ន្ធមេត្រីភាពរវាងកងពលធំលេខ៣០១ ជាមួយនឹងកងពលតូចលេខ៧០៕

ads banner