មន្រ្តីឧតុនិយមព្រមានថា បញ្ហាអាកាសធាតុទំនងជាបង្ខំឱ្យថៃពិចារណាប្តូររាជធានី

បាងកក៖ មន្ត្រីជាន់ខ្ពស់ថៃទទួលបន្ទុកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ បាននិយាយថា ប្រទេសថៃទំនងជាត្រូវគិតគូរដល់ផែនការផ្លាស់ប្តូរទីតាំងរាជធានីបាងកក ទៅកាន់ទីកន្លែងផ្សេង ដោយសារបាងកកជាតំបន់ទំនាប ដូច្នេះងាយប្រឈមនឹងការលិចទៅបាតសមុទ្រនាពេលអនាគត ដែលយ៉ាងយូរត្រឹមចុងសតវត្សទី២១នេះ។

អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងបរិស្ថានថៃ លោក ផាវិច កេសាវ៉ាវង្ស បានគូសបញ្ជាក់ថា រាជធានីបាងកកប្រហែលជាមិនអាចដើរទាន់សភាពការណ៍វិវត្តនៅលើពិភពលោកទេ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្ដែង យើងបានជួបប្រទះសីតុណ្ហភាពកើនឡើងលើសពី ១.៥អង្សារួចទៅហើយ។

លោក ផាវិច បានស្រមៃឃើញថា ទីក្រុងបាងកក នឹងស្ថិតនៅពីក្រោមកម្ពស់ទឹកសមុទ្ររួចទៅហើយ ដោយយោងទៅតាមសភាពការណ៍បច្ចុប្បន្ន។ សម្រាប់ទីក្រុងបាងកកសព្វថ្ងៃនេះ មិនចាំបាច់ដល់ទឹកសមុទ្រហក់ឡើងខ្ពស់ទេ សូម្បីតែភ្លៀងធ្លាក់ម្ដងៗលិចទីក្រុងស្ទើរគ្រប់ទីកន្លែង ហើយលិចម្ដងៗមិនមែនតិចថ្ងៃទេ ទម្រាំស្រកទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ គណៈអភិបាលទីក្រុងបាងកកកំពុងពិនិត្យមើលវិធានការដោះស្រាយ ដូចជាសាងសង់ទំនប់ទឹកដូចនៅប្រទេសហូឡង់។ ប៉ុន្តែលោក ផាវិច យល់ឃើញថា បើចង់ដោះស្រាយបញ្ហានេះជាស្ថាពរ លុះត្រាតែរើទីតាំងរាជធានីពីបាងកកទៅកាន់ទីតាំងផ្សេង។ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា បញ្ហានេះជាកិច្ចការដ៏ធំមួយ និងដ៏ស្មុគស្មាញបំផុត ដូច្នេះវាស្ថិតនៅក្នុងការគិតនៅឡើយទេ៕

ប្រភព៖ vietnamplus ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner