រដ្ឋបាលខេត្តបាត់ដំបងត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យវិសាខបូជាឱ្យបានអធឹកអធម

បាត់ដំបង៖ខណៈពិធីបុណវិសាខបូជានឹងប្រារព្ធនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះរដ្ឋបាល ខេត្តបាត់ដំបង បាន រៀបចំ ដំឡើង ផ្ទាំងរូបភាពព្រះពុទ្ធរូបនៅតាមដងផ្លូវជាតិលេខ៥ និងតាមដងផ្លូវនានាសំខាន់ៗមួយចំនួនក្នុងទីប្រជុំជនក្រុងបាត់ ដំបង ។

សូមជម្រាបថា វិសាខបូជាគឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធ សាសនា ដែលកម្ពុជាបានចាត់ទុកជា”បុណ្យជាតិ “។ អ្វីជា ការកត់ សម្គាល់ ជាងនេះទៀត បណ្តាប្រទេស ជិត ២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័ត និងទទួលស្គាល់”វិសាខបូជា”ជា បុណ្យអន្តរជាតិកាលពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។

ការប្រារព្ធនូវពិធីបុណ្យវិសាខបូជា ដើម្បីជាការរម្លឹកដល់ ព្រឹត្តិការណ៍ ដ៏ពិសេស ចំនួនបី ដែលទាក់ទងទៅនឹងព្រះ សមា្មសម្ពុទ្ធ និងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងបីប្រការ គឺ៖១-ព្រះអង្គទ្រង់ប្រសូត(ឧទ្យានលុម្ពិនី) ២-ព្រះអង្គទ្រង់ ត្រាស់ដឹង(ពុទ្ធគយា) ៣- ព្រះអង្គទ្រង់បរិនិព្វាន (នគរកុសិនារា)។

ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រពេញបូណ៌មី ខែវិសាខឆ្នាំចរ មុនគ្រិស្តសករាជចំនួន ៦២៣ឆ្នាំ ។នៅពេលមានព្រះជន្ម២៩ ព្រះវស្សាព្រះ សិទ្ធត្ថបានយាងទៅសាងផ្នួស ។ព្រះអង្គទ្រង់ ត្រាស់ដឹងក្រោយពីក្លាយខ្លួនជា “អ្នកបួស ” អស់រយៈពេល៦ ឆ្នាំ។ព្រះអង្គ ក៏បានត្រាស់ដឹងកា្លយជា “ព្រះពុទ្ធ”នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ ។

ព្រះបរមគ្រូ នៃយើងទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារពេញ បូណ៌មី ខែវិសាខឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា ។រហូតមកដល់ ពេលនេះព្រះសក្យមុនីបាន រលត់សង្ខារ អស់រយៈពេល ២៥៦៧ឆ្នាំហើយ ។

ជាការកត់សម្គាល់ “ព្រះសាស្តា” ទ្រង់ប្រសូតត្រាស់ដឹង និងបរិនិព្វានក្នុង ថ្ងៃ ១៥ កើត ពេញបូណ៌មីខែវិសាខ ដូចគ្នាគឺខុសតែឆ្នាំ ប៉ុណ្ណោះ ។ដូចនេះបុណ្យវិសាខបូជា គឺតំណាងឱ្យថ្ងៃនក្ខ័ត្តទាំងបីរបស់ទ្រង់ គឺ៖ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន ៕


(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)

ads banner