ប្រធានាធិបតីតួកគីប្រកាសកាន់ទុក្ខទូទាំងប្រទេស ចំពោះមរណភាពប្រធានាធិបតីអ៊ីរ៉ង់
អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ក្នុងថ្ងៃចន្ទ បាននិយាយថា ប្រទេសរបស់លោកនឹងប្រារព្ធពិធីកាន់ទុក្ខមួយថ្ងៃ ចំពោះមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ។
នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក Erdogan បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់យើង… យើងបានសម្រេចចិត្តប្រកាសពិធីកាន់ទុក្ខមួយថ្ងៃនៅក្នុងប្រទេសរបស់យើង ដើម្បីចែករំលែកការឈឺចាប់យ៉ាងខ្លាំងរបស់ប្រជាជនអ៊ីរ៉ង់។ លោក Erdogan ដែលបានហៅលោក Raisi ថា ជា “មិត្តរួមការងារ និងជាបងប្អូនជាទីស្រឡាញ់” បានបន្ថែមថា ជាថ្មីម្តងទៀត យើងសូមចូលរួមរំលែកទុក្ខដល់បងប្អូនជនជាតិអ៊ីរ៉ង់របស់យើង។
សូមជម្រាបថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសឱ្យមានការកាន់ទុក្ខសរុបរយៈពេល៥ថ្ងៃនៅទូទាំងប្រទេស សម្រាប់លោក Raisi ព្រមទាំងមន្រ្តីមួយចំនួនទៀតដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា