អ្នកស្រុកអង្គរនិយមផលិត និងប្រើប្រាស់ធូបខ្មែរក្នុងពិធីនានា
ភ្នំពេញ៖ធូបខ្មែរនៅតែទទួលការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃ។ ពិសេសអ្នកស្រុកអង្គរ នៃខេត្តសៀមរាប ដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។
ការគាំទ្រដោយប្រើប្រាស់ធូបខ្មែរ ត្រូវបានគេចាត់ទុកថាប្រៀបបានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់កូនចៅជំនាន់ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពីមួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរមានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។
អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរ មកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក ថែមទាំងលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕ដោយ៖ម៉ាដេប៉ូ