អនុប្រធានទី១ ព្រឹទ្ធសភា អនុញ្ញាតឱ្យទូតឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការពេញចិត្តចំពោះកិច្ចពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូត កាលពីម្សិលមិញ ដែលបានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និង សាធារណរដ្ឋឆែក ដែលព្រះករុណា ទ្រង់ធ្លាប់បានយាងទៅបំពេញការសិក្សា និងគង់ប្រថាប់នៅទីក្រុង ប្រាក នាអំឡុងឆ្នាំ១៩៧០ ។

ឯកឧត្តម អនុប្រធានទី១ ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅសាធារណរដ្ឋឆែកកាលពីឆ្នាំ២០១៩ ដែលពេលនោះបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀមនៃកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនផងដែរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងក្តីរំភើបរីករាយដែលបានជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម ប្រាក់ សុខុន ជាថ្មីម្តងទៀតនៅពេលនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែង ការអបអរសាទរជូន ឯកឧត្តម ប្រាក់ សុខុន ចំពោះមុខតំណែងថ្មីជាអនុប្រធានទី១ព្រឹទ្ធសភា កម្ពុជា ។

ឯកឧត្តម បានជម្រាបជូន ឯកឧត្តម ប្រាក់ សុខុន ថា ឯកឧត្តម នឹងបន្តខិតខំជំរុញ ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសពង្រីកវិសាលភាពទំហំពាណិជ្ជ រវាងសាធារណរដ្ឋឆែក និងកម្ពុជា។ ម្យ៉ាងទៀ ឯកឧត្តមនឹងខិតខំជំរុញការវិនិយោគបន្ថែមពីឆែកមកកម្ពុជា ជាពិសេសក្រុមហ៊ុននានារបស់ឆែកដែលកំពុងមានវត្តមានស្រាប់នៅប្រទេសថៃ និងវៀតណាម ដោយ ក្រុមហ៊ុនទាំងនោះនឹងមកធ្វើទស្សនកិច្ច និងសិក្សាបន្ថែមពីឱកាសវិនិយោគនៅកម្ពុជា ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹមថា សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានចុះអនុស្សរណៈនៃការយោគ យល់កាលពីឆ្នាំ២០១៩កន្លងទៅនេះ រួមទាំងក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា (CDC) នឹងជួយជំរុញកិច្ចការ នេះខាងលើនេះ ហើយព្រឹទ្ធសភាកម្ពុជាក៏ដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅផងដែរ ។

ឯកឧត្តម ប្រាក់ សុខុន បានជម្រាបថា ព្រឹទ្ធសភាកម្ពុជានឹងរួមចំណែកយ៉ាង សកម្មក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជម្រុញការអនុវត្ត លើកិច្ចព្រមព្រៀងនៃអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ច របស់ថ្នាក់ដឹកនាំកម្ពុជានៅសាធារណរដ្ឋឆែកក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ។

ឯកឧត្តម ក៏បានលើកទឹកចិត្ត ឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍រវាងសភាពណិជ្ជកម្មនៃប្រទេសទាំងពីរ ស្របពេលដែល កម្ពុជាមានច្បាប់វិនិយោគថ្មីដែលគាំពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគទុនបរទេសផងដែរ ។

ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបានយកចិត្តទុកដាក់លើយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដែលក្នុង នោះ កម្ពុជាបានពង្រឹងសមត្ថភាពអ្នកការទូតក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម ការទាក់ទាញអ្នកវិនិយោគ និងការផ្សព្វផ្សាយអំពីផលិតផលរបស់កម្ពុជានៅបរទេស ។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាបន្តបន្ទាប់របស់ សាធារណរដ្ឋឆែកជូនដល់កម្ពុជា ពិសេសការប្រែក្លាយជំនួយអភិវឌ្ឍន៍ផ្លូវការមកជាដៃគូអភិវឌ្ឍន៍ ។

ឯកឧត្តម ក៏បានសម្តែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះរដ្ឋាភិបាលឆែក ដែលបានលុបបំណុលមួយ ចំនួន និងបង្វែរបំណុលដែលនៅសេសសល់របស់កម្ពុជាទៅជាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់គាំ ទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជា មានដូចជាវិស័យអប់រំ សុខាភិបាល កសិកម្ម ការគ្រប់គ្រង សំណល់ទឹកកង្វក់ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ជាដើម ។

ឯកឧត្តម ក៏បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូតថា ការទូតសភា គឺជាអាទិភាពចំបងមួយក្នុងអាទិ ភាពចំបងពីររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីគម្រោងទស្សនកិច្ចទៅបណ្តាប្រទេសអឺរ៉ុបរបស់ថ្នាក់ដឹកនាំ និង ប្រធានគណៈកម្មការជំនាញនានារបស់ព្រឹទ្ធសភា ដើម្បីពង្រឹងទំនាក់ទំនងជាមួយសភាប្រទេសជាមិត្តនៅ អឺរ៉ុប ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាប ឯកឧត្តម អនុប្រធានទី១ ថា គណៈកម្មាធិការនៃ ព្រឹទ្ធសភាឆែកក៏មានបំណងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅចុង ឆ្នាំ២០២៤នេះផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner