កិច្ចប្រជុំបញ្ចប់គម្រោងជំរុញសុវត្ថិភាពចំណីអាហារខ្សែច្រវាក់តម្លៃដំណាំម្រេច និងការបើកទីផ្សារក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា

ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលកសិកម្ម និងជីវវិទ្យាអន្តរជាតិ (CABI) នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំកិច្ចប្រជុំបញ្ចប់គម្រោងជំរុញសុវត្ថិភាពចំណីអាហារខ្សែច្រវាក់តម្លៃដំណាំម្រេច និងការបើកទីផ្សារក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា របស់កម្មវិធី STDF (STDF/PPG/619) នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។

កិច្ចប្រជុំនេះប្រព្រឹត្តរយៈពេលពីរថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកបណ្ឌិត កែ មុនធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។

គោលបំណងសំខាន់របស់គម្រោង គឺ ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករដាំដុះដំណាំម្រេច តាមរយៈការលើកកម្ពស់គុណភាពនិងសុវត្ថិភាពផលិតកម្មដំណាំម្រេចឱ្យស្របតាមស្តង់ដារអន្តរជាតិ ការចរចារបើកទីផ្សារ និងការជំរុញការនាំចេញផលិតផលម្រេចពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសចិន អឺរ៉ុប ជប៉ុន និងអាមេរិកជាដើម។

ទន្ទឹមនឹងនេះ គម្រោងក៏បានធ្វើការយ៉ាងជិតស្និតជាមួយក្រុមហ៊ុននាំចេញម្រេច និងសហគមន៍កសិកម្មដំណាំម្រេច តាមរយៈការកសាងសមត្ថភាព ដោយមានការរៀបចំឯកសារបច្ចេកទេស ការរៀបចំវគ្គបណ្តុះបណ្តាល ការកសាងសមត្ថភាពពាក់ព័ន្ធនឹងការគ្រប់គ្រងសមាសភាពចង្រៃ ការបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញម្រេច ការអនុវត្តគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា ព្រមទាំងគោលការណ៍ PGS។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសសាកល្បងក្នុងការអនុវត្តគម្រោងខាងលើ (Pilot Country) ដោយបានដំណើរការអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២៤។

ដោយសារការអនុវត្តគម្រោងបានឈានដល់ទីបញ្ចប់ ដូចនេះនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំកិច្ចប្រជុំបញ្ចប់គម្រោង ( Project -End Meeting) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយដ្ឋានកសិកម្ម តំណាងនាយកដ្ឋានដំណាំឧស្សាហកម្ម តំណាងសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា គណៈគ្រប់គ្រងគម្រោង
មន្ត្រីសហការនិងវិស័យឯកជននៃប្រទេសវៀតណាម មន្ត្រីសហការនិងវិស័យឯកជននៃប្រទេសឡាវ តំណាងក្រុមហ៊ុន Sela Pepper Co.,Ltd តំណាងកសិករដែលចូលរួមអនុវត្តគម្រោង និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ៤៥រូប៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner