សិង្ហបុរីសន្យាជួយអ្នកដំណើរ និងក្រុមគ្រួសារ ករណីខ្យល់គួចយន្តហោះ

សិង្ហបុរី៖ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសសិង្ហបុរី លោក Chee Hong Tat បានអះអាងថា រដ្ឋាភិបាលសិង្ហបុរីនឹងផ្តល់ជំនួយដល់អ្នកដំណើរ និងក្រុមគ្រួសារ ដែលរងគ្រោះ ក្នុងហេតុការណ៍ ខ្យល់គួចយន្តហោះ ឬ ភាសាអង់គ្លេស «Clear Air Turbulence»។

លោក Chee Hong Tat បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា លោកពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុ ជើងហោះហើរ SQ321 លើកនេះ។ យ៉ាងណាមិញ លោកមិនបានបង្ហាញលម្អិត ពីការជួយ តាមរបៀបណា នៅឡើយទេ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបង្ហោះសារថា « យើងទាំងអស់គ្នាមានការសោកស្ដាយ និងតក់ស្លុតចំពោះអ្វីដែលបានកើតឡើង។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់នៃសព»។

លោក នាយករដ្ឋមន្រ្តីបាននិយាយថា «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ និងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីជួយអន្តរាគមន៍» ។

គួររម្លឹកថា កាលពីថ្ងៃអង្គារ យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជួបហេតុការណ៍ញ័ររញ្ជួញដ៏អាក្រក់បំផុតមួយ ដោយសារតែខ្យល់គួច ឬខ្យល់កន្ត្រាក់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត របួសធ្ងន់ស្រាល។ យន្តហោះចុះចតបន្ទាន់នៅព្រលានយន្តហោះ ក្នុងទីក្រុងបាងកក។

អ្នកជំនាញអាកាសចរណ៍ បានអះអាងថា ករណី Clear Air Turbulence គឺបណ្តាលមកពីយន្តហោះ ដែលធ្វើដំណើរកាត់ពពក ប៉ុន្តែ ក៏ស្រាប់តែមានភាពច្របូកច្របល់ «ខ្យល់ស្អាត» ដែលមិនអាចមើលឃើញ តាមរយៈរ៉ាដាអាកាសធាតុ របស់យន្តហោះ។ ប្រភពបន្តថា ហេតុការណ៍នេះ កម្រកើតមានណាស់ អាចថា ក្នុងចំណោមការហោះហើររាប់លានដង សឹងតែមិនទាន់កើតមានម្តងផង។ ប៉ុន្តែ បើកើតមានមែន នាំឱ្យអ្នកដំណើររងរបួសធ្ងន់ធ្ងរ ឬ ឈានដល់ការស្លាប់៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner