អង់គ្លេសដាក់ទុន ១.៥ពាន់លាន ផលិតថ្នាំមហារីក នៅសិង្ហបុរី
ក្រុមហ៊ុនអង់គ្លេស AstraZeneca បានសម្រេចបោះទុនវិនិយោគ ១.៥ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឱសថព្យាបាលជំងឺមហារីកជំនាន់ថ្មី ជំនួសការព្យាបាលដោយគីមី នៅក្នុងប្រទេសសិង្ហបុរី។
AstraZeneca បានឲ្យដឹងថា រោងចក្រផលិតថ្នាំមហារីកជំនាន់ក្រោយមួយនេះ នឹងត្រូវសាងសង់រួចរាល់ នៅត្រឹមឆ្នាំ២០២៩ ដោយនឹងផលិតអង់ទីករ-ថ្នាំផ្សំ ហៅកាត់ ADCs ដែលជាប្រភេទនៃការព្យាបាលដ៏ជោគជ័យ ក្នុងការកំចាត់កោសិកាមហារីក។
លោក Cheong Boon ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានលើកឡើងថា គម្រោងនេះមានការលើកទឹកចិត្តពីរដ្ឋាភិបាល ប៉ុន្តែមិនបង្ហាញព័ត៌មានលម្អិតនោះទេ។ លោកបន្ថែម ថាវានឹងក្លាយជារោងចក្រផលិតឱសថមហារីកជំនាន់ថ្មីបំផុត របស់ AstraZeneca។
នាយកប្រតិបត្តិ AstraZeneca លោក Pascal Soriot បាននិយាយថា អង់ទីករ-ថ្នាំផ្សំ ADCs បានបង្ហាញពីសក្តានុពលដ៏ធំសម្បើមក្នុងការជំនួសការព្យាបាលដោយគីមីសម្រាប់អ្នកជំងឺ។
ក្រុមហ៊ុន AstraZeneca ក៏បាននិយាយផងដែរថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូផ្សេងទៀត ដើម្បីធ្វើឱ្យរោងចក្រនេះដំណើរការដោយគិតគូរពីបរិស្ថានដើម្បីចូលរួមសម្រេចបាននូវគោលដៅ កាបូន សូន្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត