ខ្មាន់កាំភ្លើងជិះម៉ូតូបាញ់រះ ស្លាប់មនុស្ស ៤០នាក់ នៅនីហ្សេរីយ៉ា

អាប៊ូហ្សា៖ ក្រុមមន្ត្រី និងអ្នកស្រុកបាននិយាយ កាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងបានជិះម៉ូតូ បាញ់រះ សម្លាប់មនុស្ស ចំនួន៤០នាក់ របួសមួយចំនួនទៀត ក្នុងភូមិជីករ៉ែមួយកន្លែង នៅតំបន់ Plateau ភាគកណ្តាល ប្រទេសនីហ្សេរីយ៉ា។

នគរបាលបានប្រាប់ថា ក្រុមប្រដាប់អាវុធបានលុកលុយសហគមន៍ជីករ៉ែ Zurak កាលពីល្ងាចថ្ងៃចន្ទ ដោយបានបាញ់ប្រហារជាបន្តបន្ទាប់ ទៅលើអ្នកស្រុក និងដុតផ្ទះសម្បែង របស់អ្នកភូមិទៀតផង។

ប្រភពបានបន្តថា ក្រុមអ្នកវាយប្រហារកំពុងរត់គេចខ្លួន ខណៈដែលកងកម្លាំងសន្តិសុខប្រឆាំងនឹង “ក្រុមចោរ” កំពុងធ្វើប្រតិបត្តិការស្វែងរក ដោយជឿជាក់ថា ព្រៃ Bangalala ជាកន្លែងលាក់ខ្លួន របស់ពួកគេ។ យ៉ាងណាមិញ ប៉ូលិសបាននិយាយថា ខ្មាញ់កាំភ្លើង ចំនួន៩នាក់ ត្រូវបានសម្លាប់។ អ្នកស្រុកបានរាយការណ៍មកថា ការវាយប្រហារនេះ ចំពេលដែលប្រជាពលរដ្ឋរៀបចំរដូវធ្វើស្រែចម្ការ។

ផ្នែកខ្លះនៃភាគខាងជើង និងកណ្តាល ប្រទេសនីហ្សេរីយ៉ា ត្រូវបានភេរវករ ដែលជាក្រុមក្មេងទំនើងប្រដាប់អាវុធតែងធ្វើសកម្មភាពលួច និងធ្វើការចាប់ជំរិត ជាញឹកញាប់។ អាជ្ញាធរបានអះអាងថា តំបន់ Plateau ធ្លាប់មានហេតុការបាញ់ប្រហារ ស្លាប់មនុស្សប្រមាណ ២០០នាក់ កាលពីខែធ្នូ ឆ្នាំ២០២៣ ខណៈដែលភូមិភាគច្រើន ជាគ្រិស្តសាសនា។មួយខែក្រោយមក ការប៉ះទង្គិចគ្នារវាងសហគមន៍បានផ្ទុះឡើង នៅក្នុងទីប្រជុំជន Mangu បានធ្វើឱ្យព្រះវិហារ និងវិហារអ៊ីស្លាមត្រូវឆេះ មានមនុស្សជាង ៥០នាក់បានស្លាប់ និងរាប់ពាន់នាក់ បានផ្លាស់ទីលំនៅ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner