ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់សមភាគីវៀតណាមពីគម្រោង«ព្រែកជីកហ្វូណនតេជោ»

លើទឹកដីជប៉ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់លម្អិតបន្ថែមអំពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ជូនលោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។

ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន៣០នាក់ និងកម្រិតវិស្វករចំនួន៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។

ផ្លូវទឹកនេះ នឹងសាងសង់សន្ទះផ្លូវទឹកចំនួន៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និង ខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ចំពោះគម្រោងនេះ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសម្តែងការយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ

ads banner