អាមេរិកស៊ើបអង្កេតរថយន្ត EV វៀតណាម ដែលជួបគ្រោះថ្នាក់ស្លាប់មនុស្ស
និយតករសហព័ន្ធរបស់អាមេរិក កំពុងស៊ើបអង្កេត លើករណីគ្រោះថ្នាក់ឡានអគ្គិសនី SUV វៀតណាមម៉ាក VinFast នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានសម្លាប់មនុស្ស ចំនួនបួននាក់ ដែលម្ចាស់រថយន្តសង្ស័យថា បណ្តាលមកពី ចង្កូតស្វ័យប្រវត្តិ។
រថយន្តដែលស្ថិតក្រោមការស៊ើបអង្កេតនេះគឺប្រភេទ VinFast VF8 ដែលត្រូវបានផលិត ក្នុងឆ្នាំ២០១៧។ គ្រោះថ្នាក់បានកើតឡើងនៅពេលកំពុងធ្វើដំណើរហើយរថយន្តបានងាកចេញពីផ្លូវថ្នល់ ហើយជ្រុលទៅបុកបង្គោលភ្លើង មុនពេលឆាបឆេះដែលបណ្តាលឲ្យស្លាប់អ្នកដំណើរ មានទាំងកុមារផងដែរ។ នេះបើយោងតាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត ដែលបានបង្ហោះនៅលើគេហទំព័រ របស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃអង្គារ។ CNN មិនបានបញ្ជាក់លម្អិតពីពេលវេលា នៃគ្រោះថ្នាក់ចរាចរណ៍នេះទេ។
ក្រុមហ៊ុនវៀតណាម VinFast និង រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក កំពុងសហការគ្នា ដើម្បីកំណត់មូលហេតុ នៃគ្រោះថ្នាក់នេះ។
ក្រៅពីរថយន្តវៀតណាម រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់អាមេរិកក៏កំពុងស៊ើបអង្កេតលើឧប្បត្តិហេតុជាច្រើនផ្សេងទៀតបង្កដោយរថយន្ត Tesla និង Ford ផងដែរ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត