ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានថ្លែងដូច្នេះក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

លោក Tan Sri Dato Lim Soon Peng បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ។

លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា។

លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។

លោកប្រធានគណៈប្រតិភូ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការរៀបចំសន្និសីទមួយ ដែលគ្រោងនឹងរៀបចំឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគ នៅកម្ពុជា។

សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយដែលបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ (១) ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាន នៅកម្ពុជា (២) ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន (៣) ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ (៤) ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះ កម្ពុជា សម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ និង (៥) សក្ដានុពលរបស់កម្ពុជាក្នុង ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling) ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទរបស់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោកនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ដោយលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនេះបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចធិបតី សង្ឃឹមថា នឹងមានវិនិយោគិនជាច្រើនទៀតនឹងចូលរួមក្នុងសន្និសីទនេះ ដើម្បីស្វែងរកនូវឱកាសក្នុងការវិនិយោគនៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner