ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ បណ្ណកម្មសិទ្ធិគឺជា កំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ

ស្វាយរៀង៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញ ឱ្យមានកិច្ចសហការចូលរួមនិងគាំទ្រ ពី ប្រជា ពលរដ្ឋ ដើម្បីសម្រេចជោគជ័យថ្មីៗបន្តទៀតលើការងារវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិ ដែលលោកពណ៌នាថា នេះជាកំណប់ទ្រព្យ របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បានបញ្ជាក់ថា ការងារដែលត្រូវអនុវត្តបន្តពីការងារវាស់វែងដីធ្លីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនោះគឺការងារនគរូបនីយកម្មដែលក្រសួងនឹងរៀបចំប្លង់គោលទីប្រជុំជនទាំងអស់ឱ្យបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧ នេះ។

ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនជាង៩០០០ បណ្ណនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្ត ស្វាយរៀង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ឯកឧត្តម សៅ សុខាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក រមាសហែក និង ឯកឧត្តមអភិបាលខេត្ដដែលបានដឹកនាំ យ៉ាង ត្រឹមត្រូវ ក្នុងការចុះបញ្ជីដីបង្ហើយបង្កើតបរិយាកាសគ្មាន វិវាទ និងសេវាគាប់ចិត្តជូនប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែកនិងកោតសរសើរចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់ក្រុមការងារ ទាំង អស់ និងអាជ្ញាធរដែនដី ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ដែល បានបំពេញ តួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរជាពិសេសក្នុង រយៈពេល ៦ ខែចុងក្រោយនេះ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូល ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយ កម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោល នយោបាយដីធ្លី ៣ ចំណុចរួមមាន ការចុះបញ្ជីដីធ្លីមាន លក្ខណៈ ជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិត ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ៕
ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner