ពិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ បានចាប់ផ្តើមហើយ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១ ខែមិថុនា

ភ្នំពេញ៖ ពិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក៖ «ចម្រៀង និងស្នាមញញឹម ភ្នំពេញចែងចាំង» រៀបចំដោយ INTERKULTUR និង All Dreams Cambodia បានប្រារពឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេសង្ឃឹមជឿជាក់ថា នឹងនាំមកនូវឱកាសពិសេសមួយ ក្នុងការពង្រីកបន្ថែមទៀតនូវការអភិវឌ្ឍវប្បធម៌និងសិល្បៈ នៅកម្ពុជា និងក៏ដូចពិភពលោក ។

ក្រសួងវប្បធម៌ឱ្យដឹងថា មានការចូលរួមពីក្រុមចម្រៀងចំនួន ៧ក្រុម និងអ្នកចូលរួមជាង ២០០នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។ព្រឹត្តិការណ៍ដ៏ធំនេះក្រៅពីបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាល្អរវាងប្រទេសជាមិត្តហើយ នៅជាការទាក់ទាញលើវិស័យទេសចរណ៍ថែមទៀត។

ថ្លែងក្នុងពិធីបើកនាសាលសន្និសីទ ចតុមុខ កាលពីល្ងាចថ្ងៃទី២៩ ខែ ឧសភា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា៖ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នេះមានចំនួនប្រាំពីរក្រុម មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ និងបង្ហាញ ចែករំលែក និងអបអរសាទរវប្បធម៌នៃប្រទេសនីមួយៗរៀងៗខ្លួន វាបាន បង្ហាញនូវសោភ័ណ ទេពកោសល្យ គុណភាព និងវិជ្ជាជីវៈនៃការច្រៀងជាពួក។ ស្របគ្នានោះដែរ ព្រឹត្តិការណ៍នេះ លើកកម្ពស់ការយល់ដឹង ភាពសុខដុមរមនា សន្តិភាព និងមនុស្សជាតិ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងដែរថា៖”តន្ត្រី គឺជាភាសាសកលគ្មានព្រំដែន និងអនុញ្ញាតឱ្យវប្បធម៌មានការផ្លាស់ប្តូរគ្នា។ តន្ត្រី មានឥទ្ធិពលខ្លាំងក្លា ក្នុងការប្រមូលផ្តុំមនុស្សមកពីគ្រប់ទីកន្លែងនៃពិភពលោក។ កម្មវិធីប្រកួតប្រជែងនេះ នឹងផ្តល់ឱ្យសិល្បករសិល្បការិនីនូវវេទិកាមួយដើម្បីចែករំលែកទេពកោសល្យរបស់ពួកគេ និងផ្តល់ដល់ទស្សនិកជននូវឱកាសដើម្បីស្តាប់នូវសុខដុមភាពនៃសូរសំឡេងពីទូទាំងតំបន់”។

គួរបញ្ជាក់ថា ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ បង្កើតឡើងដោយ INTERKULTUR ជាស្ថាប័នដ៏ល្បីល្បាញទូទាំងពិភពលោកដែលមានចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រីនិងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០ និងអ្នកចម្រៀង ៤៦០,០០០ នាក់ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner