កូរ៉េខាងត្បូងគ្រោងចាយ ៧០ពាន់លានដុល្លារ លើការរុករកនៅទីអវកាស

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូងមានបំណងធ្វើការចុះចតនៅភពព្រះអង្គារនៅឆ្នាំ ២០៤៥ ហើយក៏មានផែនការចំណាយប្រហែល ៧០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ទៅលើការរុករកនៅទីអវកាសផងដែរ។

រដ្ឋបាលអវកាសកូរ៉េ ហៅកាត់ថា KASA ដែលទើបបង្កើតថ្មី នឹងដឹកនាំដែនដី K-pop នេះ ក្លាយជាមហាអំណាចអវកាសថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានគូសបញ្ជាក់ថា KASA នឹងខិតខំចុះចតយានអវកាសនៅលើភពព្រះចន្ទនៅឆ្នាំ ២០៣២ ហើយដោតទង់ជាតិកូរ៉េខាងត្បូងនៅលើភពព្រះអង្គារនៅឆ្នាំ ២០៤៥។

លោក Yoon បានប្តេជ្ញាថា នឹងពង្រីកថវិកាអភិវឌ្ឍន៍អវកាសចំនួន ១.១ពាន់លានដុល្លារនៅឆ្នាំ ២០២៧ ដែលថវិកានេះនឹងកើនឡើងទ្វេដងនៃថវិកាអវកាសបច្ចុប្បន្ន។ ដោយយកគំរូតាមអង្គការ NASA របស់សហរដ្ឋអាមេរិក KASA បាននិយាយថា ខ្លួននឹងដើរតួជា “ប៉មត្រួតពិនិត្យលំហអាកាស” ដោយមើលការខុសត្រូវលើគោលនយោបាយអវកាស, ការអភិវឌ្ឍន៍ផ្កាយរណប និងបេសកកម្មអវកាស រួមទាំងការរុករកនៅភពព្រះចន្ទផងដែរ។

គម្រោងសំខាន់ៗផ្សេងទៀតរបស់ KASA ក៏នឹងរួមបញ្ចូលការចូលរួមរបស់កូរ៉េខាងត្បូង នៅក្នុងកមកម្មវិធីយានអវកាស Artemis 3 ដែលជាបេសកកម្មដឹកនាំដោយអាមេរិក មានគោលបំណងដាក់អវកាសយានិកត្រឡប់ទៅឋានព្រះចន្ទនៅឆ្នាំ ២០២៦ផងដែរ។

កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍នៅទីភ្នាក់ងារនេះនឹងត្រូវដឹកនាំដោយលោក John Lee ដែលបានចំណាយពេល ៣០ឆ្នាំជាមួយ NASA និងជាទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌល Goddard Space Flight Center ក្នុងរដ្ឋ Maryland។

ទីក្រុង Sacheon ដែលមានទីតាំងនៅភាគខាងត្បូងឆ្ងាយ និងជាទីស្នាក់ការរបស់ទីភ្នាក់ងារ KASA នឹងក្លាយជាទីក្រុងទូលូនៅអាស៊ី ឬ “Toulouse of Asia” ដោយសំដៅទៅលើទីក្រុងបារាំងភាគនិរតី ដែលត្រូវបានគេចាត់ទុកជារដ្ឋធានីអវកាសអឺរ៉ុប និងជាកន្លែងដែលក្រុមហ៊ុន Airbus មានទីស្នាក់ការកណ្តាលនៅទីនោះ ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner